ឯកឧត្តម គួច ចំរើន ប្រាប់ឲ្យអាជីវករលក់សំបុត្រទូក និងភ្ញៀវទេសចរ ប្រុងប្រយ័ត្នការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់បណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ ឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដោយបង្កើនការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មីដល់សមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធត្រូវធ្វើការសហការគ្នាក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកកាន់ដីគោកវិញឱ្យបានត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ស្របតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថានៅតំបន់មាត់សមុទ្រ នឹងមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤- ២៧ ខែកញ្ញា ឆ្នាំ២០២០៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។