អាជ្ញាធរវៀតណាម រឹបអូសស្រោមអនាម័យជជុះជាង ៣៤ម៉ឺនស្រោម

វៀតណាម៖ នគរបាលប្រទេសវៀតណាម បានរឹបអូសស្រោមអនាម័យជជុះ ឬស្រោមដែលប្រើរួចហើយ យកមកសម្អាតប្រើជាថ្មី ចំនួន៣៤៥០០០ស្រោម នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីម្សិលមិញ ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម។

នគរបាលបញ្ជាក់ថា ស្រោមអនាម័យទាំងនោះត្រូវបានរឹបអូសបានពីឃ្លាំងមួយកន្លែង ក្នុងខេត្ត ប៊ីញ ដុង ភាគខាងត្បូងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ស្ត្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីនេះ ហើយជនសង្ស័យរូបនេះបានប្រាប់នគរបាលថា ស្រោមទាំងនោះដំបូងឡើយ ត្រូវបានយកទៅស្ងោរជាមួយទឹកក្តៅ ហើយហាលឲ្យស្ងួត និងមានដំណាក់កាលបន្តបន្ទាប់ទៀត មុនពេលច្រកក្នុងប្រអប់និងដាក់លក់ជាថ្មី។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មាន VTV មិនបានបញ្ជាក់ថា ស្រោមទាំងនោះត្រូវបានយកទៅប្រើវិញប៉ុន្មានដងនោះទេ ហើយស្ត្រីរូបនោះបានទទួលប្រាក់០.១៧ដុល្លារអាមេរិក សម្រាប់ស្រោម១គីឡូដែលស្ងោរប្រើឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។