សម្ដេច​តេ​ជោ សម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​បង្ការ​ការពារ​សុវត្ថិភាព ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ពី​ជំងឺ​កូ​វីដ​-១៩​។​
​

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយ​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ពី​រាជរដ្ឋាភិបាល ក្រសួង​គ្រោង​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​តំបន់ឆ្នេរ​អូរត្រេះ ខេត្ត​ព្រះសីហនុ ក្នុងអំលុង​ខែធ្នូ ឆ្នាំ​២០២០​។​

​ដោយ​ពិនិត្យឃើញថា សភាពការណ៍​វិ​វត្ត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ខ្លះ​ក្នុង​តំបន់ និង​ពិភពលោក​នៅ​ពុំទាន់​បង្ហាញ​ភាព​ធូរស្រាល​នៅឡើយ និង​តាម​ការ​ស្ទាបស្ទង់ បណ្តា​ប្រទេស​ជា​មិត្ត​ដែល​ធ្លាប់បាន​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​កម្ពុជា​កន្លងមក គឺ​ពុំទាន់​មាន​ភាពច្បាស់លាស់​ប្រាកដថា នឹង​អាចមក​ចូលរួមបាន​ផងដែរ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ​នេះ​ទៅ​ឆ្នាំក្រោយ​វិញ​។​

​ម្យ៉ាងទៀត​ពិធីបុណ្យ​សមុទ្រ ដែល​កន្លងមក​កម្ពុជា​តែង​បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ផ្លាស់ប្តូរ​វេន​គ្នា​នៅតាម​បណ្តា​ខេត្ត​ទាំង​បួន​ជាប់​ឆ្នេរសមុទ្រ គឺជា​ព្រឹត្តិការណ៍ មាន​លក្ខណៈ​ជា​អន្តរជាតិ មានការ​ចូលរួម​ពី​អង្គការ​ឆ្នេរសមុទ្រ​អន្តរជាតិ និង​ប្រទេស​មួយចំនួន​ពី​តំបន់​អាស៊ាន និង​អាស៊ី​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close