កម្ពុជា មាន​មនុស្ស​ជិត ៦​ពាន់​នាក់ សង្ស័យ​កើត​ជំងឺ​គ្រុន​ឈី​ក

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក (​ឈី​ក​គន់​ហ្គ​ន់​យ៉ា​) ចំនួន ៥,៩៩៨​នាក់ ភាគច្រើន​នៅ​ខេត្តសៀមរាប តាកែវ និង​ព្រះវិហារ​។​

 

​ក្រសួងសុខាភិបាល បញ្ជាក់ថា ការចម្លង​ជំងឺ​គ្រុន​ឈី​ក​នេះ មាន​សមាមាត្រ​ខុសគ្នា តាម​ក្រុម​អាយុ ហើយ​បើ​យោងតាម​របាយការណ៍​តាម​ប្រព័ន្ធ​ឃ្លាំមើល​ជំងឺគ្រុនឈាម បង្ហាញថា ៥៤​ភាគរយ នៃ​ករណី​ទាំងនោះ​ជា​មនុស្សពេញវ័យ ៣១​ភាគរយ​, ជា​កុមារ​អាយុ​៥​ឆ្នាំ​ឡើង និង​១៥​ភាគរយ ជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​។​

​ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បាន​ប្រាប់​ពី​វិធាន​ការការពារ​ជំងឺ​គ្រុន​ឈី​ក​នេះ​ផងដែរ រួមមាន​៖
*​ទី​១៖ អាណាព្យាបាល មាតាបិតា កុមារា​កុមារី គ្រប់រូប​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សកម្ម ចូលរួម​កម្ចាត់ ដង្កូវទឹក​នៅតាម​ទីកន្លែង​ដែលមាន​ទឹក​ដក់ ដែល​ទុកចោល​មិន​ប្រើប្រាស់ ដូចជា​សំបក​កង់ឡាន ម៉ូតូ សំបក​ដប កំប៉ុង ត្រឡោក ដូង ចានបាយ​សម្ល​ជ័រ កំប៉ុង​កាហ្វេ​ជ្រ ត្រូវ​កប់ ឬ ដុត ឬ កម្ទេចចោល ឬ ទុកដាក់​ឱ្យមាន​របៀប ដើម្បី​កុំឱ្យ​មានទឹក​ដក់​។​
*​ទី​២៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះ​មាន​ពន្លឺ​ចេញចូល ទុកដាក់ របស់របរ សំលៀកបំពាក់​ក្នុង​ក្រៅ​ផ្ទះ ឱ្យមាន​សណ្ដាប់ធ្នាប់ លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូស មក​តោង​ជ្រក​ទុំ​ជិត​ខ្លួន​យើង ហើយ​ដែល​អាច​ងាយ​នឹង​ខាំ​យើង​។ អំឡុងពេល​ថ្ងៃ គឺ​ចាំបាច់​ត្រូវ​ស្លៀក​សំលៀកបំពាក់​មាន​ដៃ វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជាប្រចាំ ទាំងថ្ងៃទាំងយប់ និង​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង ងងឹតៗ​នោះទេ និង​អាច​ប្រើ​ថ្នាំ លាប​ការពារ​មូស​ខាំ (Repellent) បានដែរ​។​
*៣៖ ករណី​មាន​រោគសញ្ញា​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល របស់​រដ្ឋ (​សេវាសាធារណៈ​) ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​បំផុត ហើយ​សូមកុំ​សាកល្បង ព្យាបាល​អ្នកជំងឺ​គ្រុនក្តៅ​ខ្លាំង​ភ្លាមៗ​នេះ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈឺ​ក ឬ​គ្រុនឈាម​នេះ​ឱ្យសោះ​។​
*​ទី​៤៖ គ្រប់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង ២៥ ត្រូវ​យកចិត្តទុកដាក់ ចាត់ចែង​ការត្រួតពិនិត្យ​ការអនុវត្ត​វិធានការ ខាងលើនេះ ឱ្យបាន​ហ្មត់ចត់ និង​ត្រូវ​ផ្តល់​សេវា និង​កន្លែង​សម្រាក​ព្យាបាល​ជំងឺ គ្រុន​ឈី​ក និង​គ្រុនឈាម នៅក្នុង​មន្ទីរពេទ្យ​ឱ្យបាន​ល្អ ហើយ​ត្រូវបញ្ជូន​អ្នកជំងឺ ទៅ​មន្ទីរពេទ្យ​ផ្សេងទៀត ក្នុងករណី​ដែលមាន អ្នកជំងឺ​គ្រុន​ឈើ​ក ឬ​គ្រុនឈាម​ច្រើន​ហួស​សមត្ថភាព នៅក្នុង​មន្ទីរពេទ្យ​ណាមួយ ដោយ​មិន​ទុកឱ្យ​មានការ​យឺតយ៉ាវ ក្នុងការ​ទទួលបាន​នូវ​សេវា​ពិនិត្យ និង​ព្យាបាល​ឡើយ​។​
*៥៖ គ្រប់​មន្ទីរ​សុខាភិបាល​រា​ធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ជំរុញ​ដោយមាន​កិច្ចសហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ពិនិត្យ និង​ដាក់ចេញ​នូវ​វិធានការ​នានា ព្រមទាំង​ជំរុញ ការផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​គ្រុន​ឈី​ក និង​គ្រុនឈាម និង​ចលនា​ឱ្យមាន​ការគាំទ្រ ចូលរួម យ៉ាងសកម្ម និង​ទូលំទូលាយ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈី​ក និង​គ្រុនឈាម​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close