ឯកឧត្តម គួច ចំរើន អនុ​ញ្ញា​ត្តិ​ឲ្យ​ឯកឧត្តម ម៉ៃ ឃែ​លតា​ន់ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​

​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​ឈ្វេងយល់​អំពី​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​ប្រធានសភា​ពាណិជ្ជកម្ម​ផងដែរ​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍ ឯកឧត្ដម​អគ្គរដ្ឋទូត​ប្រទេស​ប្រទេស​សឹង្ហ​បុរី ដោយ​គូសបញ្ជាក់ថា​ប្រទេស​សឹង្ហ​បុរី ជា​ស្ថាបនិក​បង្កើត​អាស៊ាន​ហើយ​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​សឹង្ហ​បុរី តាំងពី​សម័យ​ព្រះ​បរម​រតន​កោដ្ឋ​មក​ម្លេះ​ព្រមទាំង​បាន​ជម្រាបជូន​ពី​ស្ថានភាព​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរសមុទ្រ​ប្រវែង ១៧៥​គីឡូម៉ែត្រ មាន​កោះ ៣២ មាន​កំពង់ផែ​ទឹក​ជ្រៅ មាន​ទំនិញ​ដឹកជញ្ជូន​ឆ្លងកាត់​ទូទាំងប្រទេស ៧០​ភាគរយ​។
​រាជរដ្ឋាភិបាល​បានកំណត់​យក​ឆ្នាំ​២០៣០ យក​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ថ្វី​ត្បិត​ការអភិវឌ្ឍ​ខេត្ត​មានការ​យឺតយ៉ាវ​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​នៃ​ការអភិវឌ្ឍ ទើប​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចេញ​កញ្ចប់​ថវិកា​កសាង​ផ្លូវ ៣៤​ខ្សែ និង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​មេសា ឆ្នាំ ២០២១​ខាងមុខ និង​ការស្ដារ​អូរ ប្រឡាយ​ក្នុង​ក្រុងព្រះសីហនុ ។

​ឯកឧត្តម​បន្តថា បច្ចុប្បន្ន​ខេត្ត​មាន​កំពង់ផែ​ទឹក​ជ្រៅ​អាចឱ្យ​នាវា​ដឹកជញ្ជូន​ចូល​ចត​ដែលមាន​ជម្រៅ​ទឹក ៨,៥០​ម៉ែត្រ ។ រាជរដ្ឋាភិបាល​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ JICA ជប៉ុន​កសាង​កំពង់ផែ ៤ ដំណាក់កាល​បន្តទៀត​គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់ ២០២៥ ពីរ​ដំណាក់កាល​បង្កើន​សមត្ថ​ភាព​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៣​ម៉ែត្រ ចូល​ចត​ធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​ប្រកួតប្រជែង​មានការ​ធ្លាក់ចុះ​ជិត​បួន​ដង នឹង​បន្តទៅ​ដំណាក់កាល​ទី​៣ ទី​៤ ឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៤​ម៉ែត្រ​ចូល​ចត ។

​ខេត្ត​មាន​ព្រលានយន្តហោះ​អន្តរជាតិ អាចឱ្យ​យន្តហោះ ៣E ចុះចត​បាន និង​បន្ត​ពង្រីក​ដល់ ៤E ដែលមាន​ផ្លូវ​រត់​រហូតដល់ ៣.២០០​ម៉ែត្រ ។ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ផលិត​ថាមពល​អគ្គិសនី​ចែកចាយ​ទៅ​បណ្ដាញ​ជាតិ​នៅ​ទូទាំងប្រទេស បច្ចុប្បន្ន​ខេត្ត​ផលិត​ថាមពល​អគ្គិសនី​បាន ១.០០០​មេ​ហ្គា​វ៉ា​ត់ ហើយ​ការប្រើប្រាស់​ក្នុង​ខេត្ត ក្នុង​រង្វង់​តែ ១០០​មេ​ហ្គា​វ៉ា​ត់​។ បញ្ហា​ទឹកស្អាត ដោយសារ​ឆ្នាំកន្លងមក​ជួប​បញ្ហា​ប្រឈម​ដោយសារ​កំណើន​អ្នកវិនិយោគ​មក​យ៉ាង​កំ​ហុគ ក៏ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​យើង​ផលិត​ទឹកស្អាត​បាន​រហូត ១០​ម៉ឺន​ម៉ែត្រ​គីប ហើយ​បរិ​មាណទឹក​ប្រើប្រាស់​សព្វថ្ងៃ​ត្រឹមតែ ៧​ម៉ឺន​ម៉ែត្រ​គីប រដ្ឋបាលខេត្ត​នឹង​ជំ​រុញឱ្យ​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​រហូត ២០​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។ ខេត្ត​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន ២​កន្លែង ដោយ​មានការ​ការសហកា​រ​ជាមួយ​ក្រុមហ៊ុន​សឹង្ហ​បុរី​ផងដែរ​។

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា​ខេត្ត​ព្រះ​សី​នុ​ជា​តារា​រះ​នា​ទិស​នារ​តី ដោយ​ផ្ដើមចេញពី​ឆ្នេរសមុទ្រ ស​ស្អាត ខ្យល់ អាកាស​បរិសុទ្ធ គួបផ្សំ​នឹង​សក្តានុពល​ដ៏​សម្បូរបែប​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​មកកាន់​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង ។​

​ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត ក៏ដូចជា​មន្ត្រីរាជការ​ដែល​បាន​ចំណាយ​ពេលវេលា​អនុញ្ញាតឱ្យ​លោក​ចូលជួប​ពិភាក្សា​ឈ្វេងយល់​អំពី​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​ម្យ៉ាងទៀត​ឆ្នាំនេះ​ជា​ខួប​កា​ទូត​ទី​៥៥ រវាង​ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​កម្ពុជា​ដែលមាន​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ពាណិជ្ជកម្ម ចំណេះដឹង​ជាដើម ។​ល​។ ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​សឹង្ហ​បុរី និង​កម្ពុ​ជាមាន ៤,៨​ពាន់​លាន​ដុល្លា ឆ្នាំ​២០១៩ មាន ៤,២​ពាន់​លាន​ដុល្លា ហើយ​ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ ២០២០ មាន ២​ពាន់​លាន​ដុល្លា ។

​ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា សង្ឃឹមថា​នៅពេលដែល Covid បញ្ចប់​អ្នកវិនិយោគ​ប្រទេស​សឹង្ហ​បុរី​នឹង​មកកាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើនឡើង​ថែមទៀត​ក្រុម​វិនិយោគ​សឹង្ហ​បុរី ក៏​មក​ធ្វើការ​វិនិយោគ​នៅ​គំរោង​ប្រព័ន្ធ​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ទៅវិញទៅមក​វាង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ប្រទេស​សឹង្ហ​បុរី ចង់ឃើញ​តំបន់​ណាខ្លះ​ដែល​យើង​ធ្វើការ​អភិវឌ្ឍ​រួមគ្នា និង​សង្ឃឹមថា​នៅពេល​ចប់ Covid នឹងមាន​នាវា​ទេសចរណ៍​ធំៗ​យ៉ាងច្រើន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close