ភ្លៀង បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន​, ក្រសួង សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ៗ

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​ការតាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​អូសបន្លាយ​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង ។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​៖

១៖ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖
– សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C
​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៣ ខែតុលា នឹង​អាចមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ បន្ទាប់ពីនោះ​នឹង​បង្កើន ការធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ជាពិសេស​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​។​

២៖ បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
– សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

៣៖ បណ្ដា​ខេត្ត​ទៅ​តំបន់​មាត់សមុទ្រ​៖
– សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦°C
– សីតុណ្ហភាព​អតិបរមា​មាន​ពី ២៨-៣០°C
​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០២ ខែតុលា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ បន្ទាប់មក​ភ្លៀង​នឹង​បន្ត បង្កើន​ការធ្លាក់​ក្នុង​កម្រិត​ពី​បង្គរ​ទៅ​ច្រើន​។​

​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ​នៃ​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ និង​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ​។​

​សម្រាប់​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​៣-៦ ខែតុលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close