ពិភពលោកបារម្ភខ្លាចសង្គ្រាមទ្រង់ទ្រាយធំ រវាងអាហ្សែបៃហ្សង់ និងអាមេនី

សង្គ្រាមវាយប្រហារគ្នាទៅវិញទៅមក រវាងប្រទេសអាហ្សែបៃហ្សង់ និង អាមេនី បណ្តាលឲ្យខាតបង់ជាច្រើនដល់ប្រទេសទាំងពីរ ។ ប្រទេសក្នុងតំបន់បារម្ភខ្លាចសង្គ្រាមខាងលើ ក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ អូសទាញប្រទេសមហាអំណាចចូលរួម។

ដោយហេតុនោះហើយបានជា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ។
លោក ស្ទេហ្វាន ដូហ្សារិច (Stephane Dujarric) អ្នកនាំពាក្យលោក Antonio Guterres បានលើកឡើងយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ UN បានពិភាក្សាដោយផ្ទាល់ជាមួយលោក អ៉ីលហាម អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីនៃប្រទេសអាហ្សែបៃហ្សង់ និងលោក នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) នាយករដ្ឋមន្ត្រីនៃប្រទេសអាមេនី។
នៅក្នុងកិច្ចសន្ទនាននោះ លោកអគ្គលេខាធិការបានសម្តែងនូវ ការព្រួយបារម្ភជាពន់ពេក ចំពោះជម្លោះប្រដាប់អាវុធនៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh)។ Antonio Guterres បានអំពាវនាវឲ្យមេដឹកនាំទាំងពីរ បោះជំហានជាបន្ទាន់ ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ និងចាប់ផ្តើមបើកកិច្ចចរចាគ្នាឡើងវិញ តាមយន្តការដែលមានស្រាប់កន្លងមក ដើម្បីកុំឲ្យតំបន់នេះជួបអស្ថិរភាព»។
គួរបញ្ជាក់ថា កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា ឈានចូលមកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ។ ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៦។
ជម្លោះរវាងប្រទេសទាំងពីរនេះ បាននិងកំពុងបង្កឲ្យមានក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលដែនដីជម្លោះនោះ ស្ថិតនៅក្នុងតំបន់បំពង់បង្ហូរប្រេង និងឧស្ម័នដ៏សំខាន់ ទៅកាន់ទីផ្សារអន្តរជាតិ។ ជម្លោះរវាងប្រទេសធ្លាប់ស្ថិតនៅក្រោមអតីតសហភាពសូវៀតទាំងពីរនេះ បានផ្ទុះឡើងដំបូងកាលពីអំឡុងទសវត្សរ៍ ១៩៩០ នៅតំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ជាតំបន់ផ្តាច់ខ្លួនមួយ ដែលបានដាក់ឈ្មោះខ្លួនឯងថា សាធារណរដ្ឋអាតសាក (Artsakh)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។