ក្រចក​ជើងគោ​ជិត​២​តោន​កន្លះ នាំចូល​តាម​ច្រក​អន្តរជាតិ​បាវិត ត្រូវ​សមត្ថកិច្ច​ដកហូត​

​ខេត្តស្វាយរៀង​៖ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​សាខាគយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តស្វាយរៀង បាន​សហការគ្នា​ត្រួតពិនិត្យ​ការនាំ​ចូល​ខ្មង​ជើងគោ ពី​បរទេស​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង​។​

​ការត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ បាន​យក​គំរូ​ក្រចក​ជើងគោ​មក​ពិ​និត្យនៅ​មន្ទី​ពិសោធន៍​ខ្នាតតូច​របស់​សាខា ក​.​ប​.​ប​. ខេត្តស្វាយរៀង ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជា​លទ្ធផល ពុំបាន​រកឃើញ​មាន​សារធាតុ​គីមី Formalin នៅក្នុង​គំរូ​ក្រចក​ជើងគោ​ទាំង​នោះឡើយ ដោយឡែក​មន្ត្រី​សាខា​បាន រកឃើញ​ក្រចក​ជើងគោ​ចំនួន ១២០​កេស ស្មើនឹង​ទម្ងន់ ២៤០០​គីឡូក្រាម មាន​ភាពមិនប្រក្រតី​ទៅលើ​ឯកសារ​មួយចំនួន ដូចជា​៖
-​គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភពដើម​
-​គ្មាន​លិខិតអនុញ្ញាត​នាំចូល​
-​ការដឹកជញ្ជូន​គ្មាន​លក្ខណៈ​បច្ចេកទេស (​ទូ​បង្កក​)​។​

​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ក្រចក​ជើងគោ​ទាំងនោះ មក​ដុត​កម្ទេចចោល​តាម​នីតិវិធី​នៅ​ទីលាន​ចាក់សំរាម​ខេត្តស្វាយរៀង​។ សូមបញ្ជាក់​ផងដែរ​ថា ក្នុង​ការដុត​កម្ទេចចោល​នេះ មានការ​សហការ ពី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​នៃ​សាខាគយ​ខេត្តស្វាយរៀង​ផងដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close