បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីររូប ចាប់ផ្តើម ប្រកួតសំដី ផ្ទាល់មុខគ្នា

សារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី ៣០ ខែកញ្ញា ឆ្នាំ២០២០ បេក្ខភាព ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងគូប្រជែងគឺលោក ចូ បៃដិន បានចូលរួមនៅក្នុងវេទិកាមួយក្នុងទីក្រុងក្លេវលែនដ៍ (Cleveland) រដ្ឋអូហៃយ៉ូ នៅយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា (ពេលវេលានៅអាមេរិក) ដើម្បីធ្វើការជជែកដេញដោលគ្នាជាលើកដំបូង ក្នុងនាមជាបេក្ខជនប្រធានាធិបតី តំណាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។

ពិធីករទូរទស្សន៍ Fox News គឺលោក គ្រីស វ៉លឡេស (Chris Wallace) បានបើកការជជែកដេញដោល ដោយស្នើឲ្យលោក ត្រាំ ពន្យល់ពីការជ្រើសតាំងចៅក្រមតុលាការកំពូលថ្មី នៅជិតការបោះឆ្នោតនាពេលខាងមុខ។
ជុំវិញការជ្រើសរើសបេក្ខភាពចៅក្រមតុលាការកំពូល ដែលមាននិន្នាការអភិរក្សនិយមគឺលោកស្រី អេមី ខូនី បារែត (Amy Coney Barrett) ដើម្បីជំនួសអតីតចៅក្រុមលោកស្រី រ៉ាស ប៊ែដឺ ហ្គីនស៍ប៊ឺក (Ruth Bader Ginsburg) លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានាធិបតី ខ្ញុំមានសិទ្ធិក្នុងការតែងតាំង ព្រោះគណបក្សសាធារណរដ្ឋកំពុងគ្រប់គ្រងទាំងព្រឹទ្ធសភា និងសេតវិមាន»។
មិនបង្អង់យូរឡើយ ជុំវិញបញ្ហាខាងលើលោក ចូ បៃដិន បានវាយបកវិញថា «វាគឺជារឿងមិនសមហេតុផល នៅមុនពេលការបោះឆ្នោត»។ លោក បៃដិន បានសង្កត់ធ្ងន់ថា ពលរដ្ឋអាមេរិកាំងគួរតែមានសិទ្ធិនៅក្នុងដំណើរការនេះ (ការជ្រើសរើសច្រៅក្រមតុលាការកំពូល)។ គួរបញ្ជាក់ថា បេក្ខជនទាំងពីរក៏បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាផងដែរ ទៅលើការគ្រប់គ្រងជំងឺរាតត្បាត COVID-19 និងជាពិសេសវិបត្តិសេដ្ឋកិច្ច ដែលកំពុងតែញាំញីមហាអំណាចនេះយ៉ាងដំណំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។