ព្រះមហាក្សត្រគុយវែតចូលទីវង្គត់ រាជទាយាទឡើងស្នងដំណែង

កាលពីថ្ងៃទី២៩ ខែកញ្ញា ព្រះមហាក្សត្រ Sheikh Sabah al-Ahmad al-Jaber al-Sabah បានចូលទីវង្គត់ ក្នុងព្រះជន៩១ព្រះវស្សា ក្រោយជាច្រើនទសវត្ស ដឹកនាំគុយវែត។ ព្រះអង្គត្រូវបានគេដឹកថាជាអ្នកបង្កើតសន្តិភាពដ៏អស្ចារ្យ ជាអ្នកការទូតជើងចាស់និងជា “បុរសមានប្រាជ្ញា” នៃប្រទេសឈូងសមុទ្រដែលសំបូរប្រេងមួយនេះ។
នៅពេលនេះ ព្រះរាជទាយាទនៃប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ ហ្សេក ណាវ៉ាហ្វ (Sheikh Nawaf) នាថ្ងៃពុធនេះបានធ្វើព្រះរាជពិធីសច្ចាប្រណិធាន នៅចំពោះមុខរដ្ឋសភាគុយវ៉ែត ដើម្បីស្នងរាជ្យជាព្រះមហាក្សត្រទី ១៦ របស់ប្រទេសអារ៉ាប់មួយនេះ។
ព្រះអង្គម្ចាស់ Sheikh Nawaf មានបន្ទូលថា រដ្ឋធម្មនុញ្ញគុយវ៉ែតបានធានានូវ ការធ្វើអន្តរកាលថ្នាក់ដឹកនាំយ៉ាងរលូន ដើម្បីរក្សានូវស្ថិរភាព និងនិរន្តរភាពរបស់ប្រទេសជាតិ។ ទ្រង់ប្រសូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៣៧ ដោយបច្ចុប្បន្នមានព្រះជន្មាយុ ៨៣ព្រះវស្សា។ ទ្រង់ធ្លាប់កាន់តំណែងជា រដ្ឋមន្ត្រីមហាផ្ទៃគុយវ៉ែតចាប់ពីឆ្នាំ១៩៧៨ ហើយនៅឆ្នាំ១៩៨៨ ទ្រង់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ។
ព្រះរាជ្យក្រឹត្យមួយដែលបានចេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៣ បានតែងតាំងព្រះអង្គម្ចាស់ Sheikh Nawaf ជាឧបនាយករដ្ឋមន្ត្រីទី ១ និងជារដ្ឋមន្ត្រីមហាផ្ទៃ។ ចំណែកនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៦ ព្រះអង្គម្ចាស់ត្រូវបានតែងតាំងជាព្រះរាជទាយាទរបស់គុយវ៉ែតតែម្តង។
គួរជម្រាបថា ព្រះអង្គម្ចាស់ Sheikh Nawaf បានឡើងជាព្រះមហាក្សត្រថ្មី បន្ទាប់ពីអតីតព្រះមហាក្សត្រព្រះនាម ហ្សេក សាបាហ៍ (Sheikh Sabah) សោយទិវង្គតក្នុងព្រះជន្ម ៩១ព្រះវស្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។