ឯកឧត្តម ស៊ុន ចាន់ថុល សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី។

សូមជម្រាបថា ការបើកឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ប្រព័ន្ធទូទាត់ប្រាក់ជាមួយធនាគារជីបម៉ុង និងសេវាផ្ដល់បណ្ណបើកបរអន្តរជាតិនាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវភាពជាម្ចាស់ស្របច្បាប់របស់ម្ចាស់យានជំនិះ លុបបំបាត់ការក្លែងបន្លំនានា ងាយស្រួលក្នុងការគ្រប់គ្រងយានជំនិះនៅក្នុងព្រះរាជាណាចក្រកម្ពុជា រក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមបានល្អ ជាពិសេសរួមចំណែកយ៉ាងសកម្មក្នុងការប្រមូលពន្ធជូនរដ្ឋផងដែរ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះនេះ ម្ចាស់យានជំនិះអាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះ បង់ថ្លៃសេវា និងពន្ធប្រថាប់ត្រានៅកន្លែងនិងពេលតែមួយតាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្ដល់សេវារបស់ក្រសួង ដោយហេតុថាក្រសួងបានសហការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះជាមួយនឹងប្រព័ន្ធរបស់អគ្គនាយពន្ធដាររួចហើយ។
សូមបញ្ជាក់ថា ដើម្បីប្រើប្រាស់ជម្រើសណាមួយក្នុងជម្រើសទាំងពីរនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ម្ចាស់យានជំនិះត្រូវមានព័ត៌មានគ្រប់គ្រាន់អំពីយានជំនិះ លិខិតទិញ-លក់ ព័ត៌មានអ្នកលក់ និងព័ត៌មានអ្នកទិញ ។ល។ ដើម្បីឱ្យការផ្ដល់និងទទួលសេវានេះកាន់តែលឿន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។