ឯកឧត្តមបណ្ឌិត ​គុណ ញឹម អនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​អូស្ត្រាលី ចូលជួប​សម្តែង​ការគួរសម​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​បន្ទប់​ប្រជុំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ជាន់​ទី​១៨ ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​(​អគរ​) បានអនុញ្ញាត​ឱ្យ​លោក Anthony Maguire មន្ត្រីជាន់ខ្ពស់​នៃ​សហព័ន្ធ​នគរបាល​អូស្ត្រាលី (Australian Federal Police-AFP) នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា (Australian Embassy) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អគរ និង​សហព័ន្ធ​នគរបាល​អូស្ត្រាលី​។​

​ក្នុងជំនួប​នេះ លោក Anthony Maguire បាន​កោតសរសើរ​អគរ ក្នុង​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ទន្ទឹមនេះ ឯកឧត្តម​ប្រតិភូ​បាន​លើកឡើងថា​ជំនួប​ពិភាក្សា​នេះ ជា​ជំនួប​លើកដំបូង និង​បាន​ស្វាគមន៍​នូវ​គំនិត​ផ្តួចផ្តើម​របស់លោក Anthony Maguire លើ​កិច្ចសហការ​ផ្នែក​បង្ការ និង​បង្ក្រាប​បទល្មើស រវាង​អគរ និង AFP ជាពិសេស​លើ​ការបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ទំនិញ​និង​ឱសថ​ក្លែងក្លាយ សត្វព្រៃ ទំនិញ​ខុសច្បាប់ ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ជាដើម​។​

​បន្ថែម​លើ​នេះ ឯកឧត្តម​ប្រតិភូ​បាន​ចាត់​មន្ត្រី​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​គយ​អន្តរជាតិ​ជាម​ន្ត្រី​ទំនាក់ទំនង​ជាមួយ AFP និង​បាន​សន្យា​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​អគរ និង​សហព័ន្ធ​នគរបាល​អូស្ត្រាលី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close