វិស្វកម្មគីមី-អាហារ មុខជំនាញដែលកម្ពុជាកំពុងត្រូវការ និង ទៅអនាគត
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងជួបប្រទះនូវបញ្ហាមួយចំនួនលើផ្នែកចំណីអាហារមានដូចជា ការប្រើប្រាស់សារធាតុគីមីហាមឃាត់ទៅក្នុងអាហារ និង ការខ្វះខាតនូវរោងចក្រធំៗដើម្បីកែច្នៃចំណីអាហារជាដើម។
បើតាមការលើកឡើងរបស់ កញ្ញា ហោ ស៊ីវម៉ី ជាអនុប្រធានដេប៉ាតឺម៉ង់ទេពកោសល្យគីមី និង អាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានឲ្យដឹងថា មុខជំនាញ គីមី និង អាហារគឺជាជំនាញបច្ចេកទេសមួយមានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្ម។
កញ្ញាបានបន្តថា មុខជំនាញនេះគឺសិក្សាមួយផ្នែកផ្ដោតទៅលើវិស្វកម្មគីមី និង មួយផ្នែកទៀតគឺទាក់ទងនឹងវិស័យចំណីអាហារ។ ក្នុងនោះរួមមានការត្រួតពិនិត្យគុណភាពចំណីអាហារ ការថែរក្សាចំណីអាហារ បច្ចេកទេសនៃការវេចខ្ចប់ និង ការសិក្សាលើពពួកអតិសុខុមប្រាណនៅក្នុងអាហារជាដើម។
លើសពីនេះទៅទៀត ប្រទេសកម្ពុជាមានសក្ដានុពលលើផ្នែកធនធានចំណីអាហារជាច្រើនប្រភេទដូចជា ត្រីទឹកសាប ស្រូវ គ្រាប់ធញ្ញជាតិ និង ផ្លែឈើជាដើម។ ទាំងអស់នេះគឺសុទ្ធតែអាចកែច្នៃជាចំណីអាហារដែលមានអនាម័យ និង ស្របតាមស្តង់ដាអន្តរជាតិសម្រាប់ការនាំចេញទៅក្រៅប្រទេស បាន។ តួយ៉ាងការផលិតប្រហុកត្រីដែលមានគុណភាព ការផលិតអាហារក្រៀម តំណាប់ផ្លែឈើ និង ការកែច្នៃជាទឹកផ្លែឈើកំប៉ុងជាដើម។ ប្រការនេះនឹងជួយដល់ការពង្រីកទីផ្សារសម្រាប់កសិករផង ជួយបង្កើនតម្លៃផលិតផលកសិកម្មផង និង ជួយលើកស្ទួយជីវភាពរបស់ពួកគាត់ផងដែរ។
ជាក់ស្ដែង កន្លងមកនេះ ដេប៉ាតឺម៉ង់ គីមី និង អាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានធ្វើការស្រាវជ្រាវលើចំណុចមួយចំនួនដូចជា ការសិក្សាលើសារធាតុចិញ្ចឹមរបស់បន្លែផ្លែឈើក្នុងប្រទេសកម្ពុជា ការកែច្នៃចំណីអាហារប្រកបដោយស្តង់ដាអន្តរជាតិ ព្រមទាំងការសិក្សាស្រាវជ្រាវទៅលើគម្រោងគាំទ្រ និង ថែរក្សាបរិស្ថានជុំវិញបឹងទន្លេសាបទៀតផង។
សរុបមក ជំនាញគីមី និង ចំណីអាហារមានសារប្រយោជន៍ជាខ្លាំងសម្រាប់ប្រទេសកម្ពុជាទាំងពេលបច្ចុប្បន្ន និង ទៅអនាគត ព្រោះរក្សានូវសុវត្ថិភាពចំណីអាហារ ការកែច្នៃអាហារចេញពីប្រភពធម្មជាតិដែលសម្បូរបែប និង ការពង្រីកទីផ្សារផ្នែកចំណីអាហារជូនដល់ប្រជាជនកម្ពុជាទៀតផង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។