ពលរដ្ឋ​អាមេរិក​តែ ៧៣​លាន​នាក់​ប៉ុណ្ណោះ​ទស្សនា​ការតស៊ូ​មតិ រវាង​លោក​ត្រាំ និង​បៃ​ឌិន​

​ពលរដ្ឋ​អាមេរិក មិនសូវ​ចាប់អារម្មណ៍ ទៅលើ ការតស៊ូ​ប​តិ​ផ្ទាល់​រវាង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង បេក្ខភាប​ប្រធានាធិបតី ចូ​បៃ​ឌិន មកពី​គណបក្ស​ប្រជាធិបតេយ្យ ។ ទាំងនោះ​បានបង្ហាញ​ពី​ការខកចិត្ត របស់​ពលរដ្ឋ​អាមេរិក ក្នុងការ​ដឹកនាំ មិន​បានល្អ​នាពេល​កន្លងមក​។​

​តាម​សារ ព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែតុលា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​សកល​ឈ្មោះ នៀល​សិន (Nielsen) នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​បាន​បញ្ជាក់ថា មនុស្ស​តែ​ជាង ៧៣​លាន​នាក់​ប៉ុណ្ណោះ​បាន​ទស្សនា​ការតស៊ូ​មតិ​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) និង​ដៃគូ​ប្រកួតប្រជែង​របស់​លោក គឺ​លោក ចូ បៃ​ដិ​ន (Joe Biden)​។​

​បើតាម​ក្រុមហ៊ុន Nielsen មនុស្ស​សរុប ៧៣.១​លាន​នាក់​បាន​តាមដាន​ទស្សនា ការជជែក​វែកញែក​ត​ទល់​គ្នា​ជា​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ដៃគូ​ប្រកួតប្រជែង​របស់​លោក​គឺ​លោក ចូ បៃ​ដិ​ន ដែល​បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃ​អង្គារ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅនេះ (​ពេលវេលា​នៅ​អាមេរិក​)​។ ចំនួន​អ្នកទស្សនា​នេះ គឺ​បាន​ធ្លាក់ចុះ​រហូតដល់ ១៣​ភាគរយ​ឯណោះ បើ​ប្រៀបធៀប​ទៅនឹង​ការជជែក​វែកញែក​ត​ទ​ល់​គ្នា​លើកដំបូង​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) ដែលជា​ដៃគូ​ប្រកួតប្រជែង​របស់​លោក កាលពី​ឆ្នាំ​២០១៦ ដោយ​កាលណោះ​មាន​មនុស្ស​ជាង ៨៤​លាន​នាក់​បាន​តាមដាន​ទស្សនា​។​

​ក្នុង​ការជជែក​វែកញែក​តទល់​គ្នា​នោះ លោក ត្រាំ និង​លោក ត្រាំ បានលើកឡើង​ពី​បញ្ហា​ជាច្រើន រួមមាន​ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង​រាតត្បាត​សកល (COVID-19), ការថែទាំ​សុខភាព​ជាទូទៅ​, កុប្បកម្ម​ប្រឆាំងនឹង​ប៉ូលិស និង​ការរើសអើង​ពូជសាសន៍​, ពន្ធ​, បរិស្ថាន​, និង​ភាព​សុ​ក្រិ​ត្យ​ភាព​នៃ​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close