សហគមន៍​អន្តរជាតិ​បារម្ភ​ពី​សង្គ្រាម កំពុងតែ​កើតឡើង​រវាង Armenia និង Azerbaijan

សហគមន៍​អន្តរជាតិ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​ពី​សង្គ្រាម​កំពុងតែ​កើតឡើង​រវាង Armenia និង Azerbaijan អាច​ក្លាយទៅជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​។ នៅពេលនេះ អាមេរិក បារាំង រុស្ស៊ី បានចេញ​សេចក្តីប្រកាស​រួម អំពាវនាវ​ដល់​ប្រទេស​ទាំងពីរ ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិភាព ឈប់​ចងគំនុំ​គ្នា​។​

​នៅ​ថ្ងៃទី​១​ខែតុលា រុស្ស៊ី បារាំង និង​អាមេរិក បានស្នើ​ដល់​កម្លាំង​ទាហាន Azerbaijan និង Armenia អនុវត្ត​បទ​ឈប់​បាញ់​គ្នា​ជាបន្ទាន ហើយ​វិលត្រឡប់​ចូល​តុ​ពិភាក្សាគ្នា ស្វែងរក​ដំណោះស្រាយ ។​ ​នៅក្នុង​សេចក្តីប្រកាស​រួម ប្រធានាធិបតី​ទាំង​៣ បាន​បញ្ចា​ក់ថា «​យើង​សូម​អំពាវនាវ​ដល់​មេដឹកនាំ Armenia និង Azerbaijan សន្យា​ត​ភ្ជាប់ កិច្ចពិភាក្សា​ដោយ​គ្មាន​លក្ខខណ្ឌ »​។​

​ជាមួយគ្នានេះដែរ ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan បាន​ប្រឆាំង ទៅលើ​សកម្មភាព របស់​អាមេរិក រុស្ស៊ី និង​បារាំង ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​តំបន់ Caucasus ដោយ​យក​មូល​ហេតុថា មិនបាន​យកចិត្តទុកដាក់​ទៅលើ​វិវាទ​ដែល​បាន​កើតឡើង​នៅ​ទីនោះ​រយៈពេល​៣០​ឆ្នាំកន្លងមក​។​

​ប្រធានាធិបតី​តួ​ក​គី លោក Erdogan បញ្ជាក់ទៀតថា សន្តិភាព​យូ​អង្វែង​អាច​នឹង​កើតឡើង​នៅ​តំបន់​នោះ លុះត្រាតែ ប្រទេស​Armenia ដក​ទាហាន​ចេញពី Nagorny – Karabakh ។ ប្រធានាធិបតី​តួ​ក​គី​បានបញ្ជាក់​ទៀតថា​« ការ​ឈានដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​យូ​អង្វែង គឺ​អាស្រ័យទៅលើ​ប្រទេស​Armenia ។ បើ Armenia​ដក​ទាហាន​ចេញ​ទាំងពី​ពី​ទឹកដី Azerbaijan នោះ​សន្តិភាព​នឹង​កើតមានឡើង​»​។​

​ការវាយប្រហារ​គ្នា បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃទី ២៧​ខែកញ្ញា រហូតមកដល់​ពេលនេះ​បណ្តាល​ឲ្យ​ទាហាន​ទាំងសង្ខាង​រង​ការខាតបង់​យ៉ាងច្រើន ទាំង​សម្ភារៈ​និង​អាយុជីវិត​ទាហាន និង​ពលរដ្ឋ ៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close