តោះ​មក​ដឹង អំពី​ប្រាសាទ​ចតុម្មុខ

​ប្រាសាទ​ចតុម្មុខ ជា​ប្រាសាទ​មួយ​ស្ថិតនៅក្នុង​ក្រុម​ប្រាសាទ​បាកាន (​ព្រះខ័ន​កំពង់ស្វាយ​) នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុងភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ប្រាសាទ​នេះ មាន​រូប​ព្រះពុទ្ធ​ទ្រង់​ឈរ បែរ​ទល់​ខ្នង​គ្នា​ចំនួន ៤​ទិស និង​កម្រ​ឃើញ​មាន​ប្រាសាទ​នៅ​តំបន់​ផ្សេង ក្នុងប្រទេស​កម្ពុជា មាន​ទម្រង់​ដូច​ប្រាសាទ​នេះ​។

​ប្រាសាទ​នេះ បាន​ដួលរលំ​អស់​ពាក់កណ្ដាល​តាំងពី​យូរណាស់​មកហើយ នៅសល់តែ​ត្រឹម​ចង្កេះ​ចុះមក​ក្រោម​ប៉ុណ្ណោះ ហើយ​នៅតាម​ជញ្ជាំង​និង​ផ្នែក​ខាងក្នុង មាន​ដើមឈើ និង​ឫស​ឈើ​ដុះ​ញែក​ជញ្ជាំង​កាន់តែខ្លាំង ដែល​កត្តា​នេះ​នាំឱ្យ​ប្រាសាទ​ប្រឈម​នឹង​ការដួលរលំ​ទាំងស្រុង​។ ចំណែក​ព្រះ​កេស​ព្រះពុទ្ធ​បាន​ធ្លា​ក់នៅ​រាយប៉ាយ​នៅ​ផ្នែក​ខាងមុខ​ផ្លូវ​ចូល និង​ជ្រុង​ទាំងបី ហើយ​ភ្ញៀវ​ដែល​មក​ទស្សនា​នៅទីនេះ បាន​ដើរ​ជាន់​ពីលើ​។

​ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល និង​ស្តា​ឡើងវិញ​ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ និង​លើក​តម្លៃ​ផ្នែក​វប្បធម៌​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​ការងារ​អភិរក្ស និង​ជួសជុល​ត្រូវបាន​អនុវត្ត​ឡើង​ដោយ​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close