គីម ជុងអ៊ុន បណ្តើរប្អូនស្រីទៅពិនិត្យកន្លែងស្តារហេដ្ឋារចនាសម្ពន្ធ ដែលព្យុះវាយប្រហារ
មេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន និងប្អូនស្រីរបស់ខ្លួនបានបង្ហាញជាសាធារណៈ នៅតំបន់រងផលប៉ះពាល់ពីព្យុះកន្លងមក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃទី២ តុលា ២០២០នេះ។
ប្រភពបញ្ជាក់ទៀតថា ទស្សនកិច្ចចុងក្រោយទៅកាន់តំបន់នោះធ្វើឡើង កាលពីម្សិលមិញ ដើម្បីត្រួតពិនិត្យកិច្ចប្រឹងប្រែងរបស់អាជ្ញាធរស្តារឡើងវិញ ចំពោះរាល់ផលប៉ះពាល់នានា បង្កឡើងដោយព្យុះសង្ឃរាប៉ុន្មានលើក ថ្មីៗនេះ។
រីឯប្អូនស្រីរបស់ គីម ជុង អ៊ុន ឈ្មោះថា គីម យ៉ូ ជុង ក៏ទើបបង្ហាញមុខលើកដំបូង បន្ទាប់ពីបាត់មុខប្រមាណជាង២ខែ។ ស្ត្រីវ័យជាង៣០បន្តិចរូបនេះត្រូវបានគេដឹងថា កំពុងដើរតួនាទីដ៏សំខាន់ ហើយដែលអាចជំនួសតំណែងបងប្រុស ពេលលោកគីមត្រូវបានគេរាយការណ៍ថា ធ្លាក់ខ្លួនឈឺនោះ ហើយនាងក៏បានប្រឡូកនយោបាយជាបណ្តើរៗហើយដែរ។
ក្នុងឳកាសនោះ លោក គីម ជុងអ៊ុនបានកោតសរសើរដល់ក្រុមងារស្តារហេដ្ឋារចនាសម្ពន្ធឡើងវិញ ក្នុងតំបន់ Kimhwa ដោយលោកថាមានភាពរហ័ស ហើយក៏លើកឡើងដែរថា ព្យុះនិងគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះ គឺជាគ្រោះដ៏ធំបំផុតមួយក្នុងប្រទេសកូរ៉េខាងជើង។
សូមបញ្ជាក់ថា ព្យុះនិងទឹកជំនន់បានវាយប្រហារខ្លាំងក្លានៅប្រទេសកូរ៉េខាងជើង ថ្មីៗនេះ បំផ្លាញផ្ទះសម្បែងរាប់ម៉ឺនកន្លែង និងកំពុងបង្កក្តីកង្វល់កាន់ធ្ងន់ធ្ងរបន្ថែមទៀត លើបញ្ហាខ្វះខាតអាហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។