ក្រ​សួងទេសចរណ៍ រៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០!

​ខេត្តសៀមរាប​៖ ក្នុងឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២០ ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​» រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងទេសចរណ៍ មន្ទីរ អង្គភាព អាជ្ញាធរ​សាធារណៈ និង​ផ្នែក​ឯកជន​ពាក់ព័ន្ធ បាន​ប្ដេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ផ្សារភ្ជាប់​ជាមួយ​ទេសចរណ៍​ជនបទ ក​សិ​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ជាមួយនឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​។​

​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០​នេះ បានធ្វើ​ឡើង​ក្រោម​ការសហការ​រវាង​ក្រសួងទេសចរណ៍ ជាមួយ​អង្គការ​ទេសច​រណ៍​ពិភពលោក (UNWTO) កាលពី​ចុង​សប្តាហ៍​នេះ នៅ​ស​ណ្ឋ​គារ​សុខា​ល័យ​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍ រដ្ឋបាល​ខេត្តសៀមរាប សមត្ថកិច្ច​ពាក់ព័ន្ធ សមាគមន៍​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សាកល​វិ​ទ្យ​ល័យ សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ផ្នែក​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​សរុប​ប្រមាណ ២៥០​នាក់ ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព និង​អនាម័យ​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

​អង្គពិធី​បាន​ចងចាំ​នូវ​គុណបំណាច់​យ៉ាង​ថ្លៃថ្លា​មិនអាច​បំភ្លេចបាន និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ដំណើរការ​បង្រួបបង្រួម​ជាតិ និង​កសាង​មាតុភូមិ​កម្ពុជា​ពី​សំណល់​ផេះផង់​បន្សល់ទុក​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បានប្រែក្លាយ​កម្ពុជា​ឲ្យ​មាន​ភាពសម្បូររុងរឿង​ដូច​បច្ចុប្បន្ន ស្មើមុខស្មើមាត់​ក្នុង​ឆាក​អន្តរជាតិ ព្រមទាំង​កំពុង​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។ អង្គពិធី​បាន​ប្តេជ្ញា​ថែរក្សា​សន្តិភាព​ឲ្យ​ស្ថិត​ស្ថិរ​គង់វង្ស​ជា​អមតៈ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ និង​ជឿជាក់ថា «​មាន​សន្តិភាព មាន​ទេសចរណ៍ មានការ​អភិវឌ្ឍ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close