របរចិញ្ចឹមមាន់ស្រែ របស់កសិករនៅភូមិសុភី អាចរកចំណូលបានជិត ២០០០ដុល្លារ ក្នុង១ខែ
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងសប្តាហ៍នេះ បានអញ្ជើញចេញពីកម្មវិធីចែកកូនត្រី និងចុះពិនិត្យកសិដ្ឋានតាអ៊ី៦១៩ ចិញ្ចឹមមាន់ស្រែ នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង។
លោក ឡេង ស៊ីវុទ្ធី (អតីតពលករកូរ៉េ) បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា កសិដ្ឋានចាប់ផ្តើមចិញ្ចឹមមាន់ស្រែតាំងពីឆ្នាំ២០១៧ ជាបណ្តើរៗដោយមានការជ្រោមជ្រែងពីមន្ទីរ និងបទពិសោធន៍ចិញ្ចឹមដែលទទួលបានពីប្រទេសកូរ៉េ កសិដ្ឋានមានការវិវឌ្ឍន៍ជាបន្តបន្ទាប់ បច្ចុប្បន្នមានមេពូជចំនួន៣០០ ទុកបង្កាត់ ភ្ញាស់យកកូនលក់ ៤៥០០-៥០០០រៀល/ក្បាល ហើយក៏មានចិញ្ចឹមមាន់សាច់ផងដែរ។ បច្ចុប្បន្នអាចរកចំណូលបានពី ១៥០០-២០០០ដុល្លារ/ខែ។
តាមរយៈឯកឧត្តមរដ្ឋមន្ត្រី លោក វុទ្ធី បានសម្តែងនូវអំណរគុណសន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានជំរុញ លើកទឹកចិត្តចិញ្ចឹមមាន់ស្រែបានទទួល ជោគជ័យដូចថ្ងៃនេះ និងជាពិសេសបានអរគុណសន្តិភាពដែលបានថែរក្សា ការពារសន្តិភាព បង្កលក្ខណងាយស្រួលឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបស់កសិកម្មចិញ្ចឹមជីវិត និងរស់នៅជួបជុំគ្រួសារប្រកបដោយសុខដុមរមនា។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រឲ្យកសិដ្ឋានខិតខំបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ និង ២០៥០ និងគួរពង្រីកអាជីវកម្មដើម្បីចូលរួម រក្សាឲ្យបាននូវសន្តិសុខស្បៀង ដោយឆ្លៀតយកឱកាសមាសនេះពង្រីកអាជីវកម្មមាន់ស្រែស្របតាមសេចក្តីត្រូវការទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។