បញ្ជូនជនជាតិចិន ៩នាក់ ទៅតុលាការ ពាក់ព័ន្ធរឿងគ្រឿងញៀន១២គីឡូ អាវុធ៣ដើម
ខេត្តព្រះសីហនុ៖ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ក្រាបនៅក្នុងភោជនីយដ្ឋាន យីហោ ស៊ីនខាយសៀមិន បង្កប់ខារ៉ាអូខេ និងបម្រើសេវាផ្លូវភេទ កាលពីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ បានឃាត់ខ្លួនមេក្លោង និងគូកនជនជាតិចិនចំនួន ៩នាក់ រឹបអូសគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធខ្លី៣ដើម និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាតិចិនផ្សេងទៀតពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋានខាងលើនោះដែរ ជំនាញសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា ។
សូមបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះយីហោ «ស៊ីនខាយសៀនមិន» ជាកម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។