អ្នកជំនាញ ព្រមាន​ថា ស្ថានភាព​កូ​វីដ​១៩ លោក​ដូ​ណា​ល់ ត្រាំ អាច​ធ្ងន់ធ្ងរ​

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​ព្រមាន​ថា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រហែលជា​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​ព្យាបាល​លោក​ត្រាំ​បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ថា លោក​ដូ​ណា​ល់ ត្រាំ ហាក់​បាន​ប្រសើរ ហើយ​លោក​អាច​ចេញពី​មន្ទីរពេទ្យ នៅ​ថ្ងៃ​ចន្ទ ទី​៥ តុលា​នេះ ដោយ​ពួកគេ​អះអាងថា ស្ថានភាព​លោក​ធូរស្រាល បើទោះបីជា​កម្រិត​អុកស៊ីសែន​ធ្លាក់​ទាប​ក៏ដោយ​។​

​ទីភ្នាក់ងារសារព័ត៌មាន​សិង្ហ​បុរី CNA បានចេញ​ផ្សាយ នា​ព្រឹក​ថ្ងៃទី​៥ តុលា​នេះ​ថា ក្រុម​វេជ្ជបណ្ឌិត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការព្យាបាល​លោក​ដូ​ណា​ល់​ត្រាំ​បាន​អះ​អា​ថា លោក​ត្រាំ​បានចាប់ផ្តើម​ប្រើប្រាស់​វិធី​ព្យាបាល​លើ​ប្រភេទ​ជំងឺ​ច្រើន​មុខ ដើម្បី​បន្ថយឥទ្ធិពល​វីរុស​កូ​វីដ​១៩ ដែល​នេះ​គឺជា​ភស្តុតាង​ច្បាស់​ថា ករណី​ជំងឺ​កូ​វីដ​១៩​របស់លោក​អាច​នឹង​ធ្ងន់ធ្ងរ​។​

​វេជ្ជបណ្ឌិត Daniel McQuillen ជំនាញ​ជំងឺឆ្លង នៅ​មណ្ឌល​ព្យាបាល​មួយ​ក្នុង រដ្ឋ Massachusetts បាន​លើកឡើងថា « អ្វីដែល​ខ្ញុំ​បានដឹង​ពី​សន្និសីទ​សារព័ត៌មាន គឺថា​លោក​ប្រធានាធិបតី​មាន​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ ជាង​ការបង្ហាញ​តាមរយៈ​រូបភាព​»​។

​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត Stuart Cohen ប្រធាន​ទទួលបន្ទុក​ជំងឺឆ្លង នៅ​មន្ទីរពេទ្យ UC Davis Health ស្ថិតក្នុង​រដ្ឋ California ទើបបាន​និយាយថា អ្នកជំងឺ​ក្នុង​វ័យ​៧៤​ឆ្នាំ លើស​ទម្ងន់ គឺ​ប្រឈម​ខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​នេះ​៕​

U.S. President Donald Trump rides in front of the Walter Reed National Military Medical Center, where he is being treated for the coronavirus disease (COVID-19) in Bethesda, Maryland, U.S. October 4, 2020. REUTERS/Cheriss May

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close