កម្ពុជា នឹងប្រែក្លាយតំបន់ការពារធម្មជាតិ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ
ភ្នំពេញ៖ «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោ បាយប្រែក្លាយតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើន សេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ»។
នេះជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅអំឡុងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ។ ជំនួបដែលសម្របសម្រួលរៀបចំដោយ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) ដែលជាអង្គដៃគូរបស់ក្រសួងបរិស្ថានផ្តល់ជំនួយបច្ចេកទេស ចូលរួមក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ ដែលសហគមន៍ទទួលបានពីការអនុវត្តគម្រោងរេដបូកលក់ឥណទានកបូននិងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាបច្ចុប្បន្ននេះ បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននិងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ តំបន់ ការពារធម្មជាតិនានាដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។
ឯកឧត្តម បានថ្លែងថា គ្រាន់តែនៅក្នុងខេត្តមណ្ឌល គិរីតែមួយមានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការមានចំនួនជាង ៣០ កន្លែងដែលរួមមានភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅជាដើម។ ខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វ ព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រក សត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសានដែលមានផ្ទៃដីសរុបទំហំជាង ១,១លានហិកតា មានតំបន់ច្រើនដែលមាន សក្តានុពលដែលអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅក្នុងដែនជម្រកសត្វព្រៃ កែវសីមាមានទឹកធ្លាក់ធម្មជាតិប្រកបដោយ ទេសភាពដ៏ល្អស្អាតគួរជាទីទាក់ទាញចំនួន ១០ កន្លែងដូចជាទឹកធ្លាក់លែងអង លែងឃិនជាដើម ហើយបច្ចុប្បន្ននេះ ក្រសួង បរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ដែលជាដៃគូក្នុងការងារការពារនិងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា បាននិងកំពុងផ្តល់ការគាំទ្រទាំងស្មារតី និង បច្ចេកទេសដល់ប្រជាសហ គមន៍ដើម្បីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ។
សហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងក្នុងគម្រោងអភិរក្សសត្វស្វាកន្ទុយសនិងសត្វទោចថ្ពាល់លឿងបាននិង កំពុងទាក់ទាញភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរបរទេសមកទស្សនាសត្វកម្រនៅលើពិភពលោកនេះ។ ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ សហគមន៍ទេសចរណ៍ ធម្មជាតិអណ្តូងក្រឡឹងបានទទួលភ្ញៀវ ទេសចរប្រមាណជាង ៤៥០នាក់ បានចំណូលជាង ១៧០០០ ដុល្លារអាមេរិក។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ចំណូល នេះបានធ្លាក់ទៅដល់ដៃប្រជាសហគមន៍។
ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែមានសារៈសំខាន់ជាអន្តរជាតិសម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិកម្រនៅលើពិភពលោកនោះទេ ប៉ុន្តែជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រោះមានទីតាំងព័ទ្ធទីរួមខេត្តមណ្ឌលគិរី និងមានរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ដ៏ស្រស់ស្អាត មានទឹកធ្លាក់ធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការអញ្ជើញ មកទស្សនាកម្សាន្តនៅតាមសហគមន៍ ទេសចរណ៍ធម្មជាតិនានានឹងជួយគាំទ្រ ដល់ការងារអភិរក្ស បង្កើតសេដ្ឋកិច្ចនៅ មូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីដល់ប្រជាសហគមន៍និងផ្តល់ចំណូលសម្រាប់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាដើម្បីកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរ គុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនេះ និងអរគុណដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ ទេសចរណ៍ធម្មជាតិនានា។
សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេស ចរណ៍ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានស្នើសុំឱ្យបងប្អូនប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួមរក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។