លោកត្រាំ រងការថ្កោលទោស ក្រោយចេញពីមន្ទីរពេទ្យ ប្រកាសឲ្យពលរដ្ឋកំខ្លាចវីរុស កូវីដ១៩
ក្រោយចេញពីមន្ទីរពេទ្យ លោកត្រាំបានបង្ហោះវីដេអូ អរគុណគ្រូពេទ្យ ហើយនិយាយទៅកាន់ពលរដ្ឋថា កំខ្លាចកូវីដ១៩ ។ ការលើកឡើងរបស់លោកត្រាំ ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ថាលោកមើលស្រាលជំងឺកូវីដ១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកដល់ទៅ 215,032 នាក់ និងឆ្លង ជាង៧,៦លាននាក់ ។ តើអ្នកណាមិនខ្លាច?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីមន្ទីរពេទ្យដែលលោកសម្រាកព្យាបាល COVID-19 ហើយ ដោយជិះឧទ្ធម្ភាគចក្រមួយគ្រឿងត្រឡប់ទៅសេតវិមានវិញ។ លោក ត្រាំ បានដើរចេញពីមន្ទីរពេទ្យ Walter Reed Medical Center ដោយពាក់ម៉ាស ហើយនៅពេលអ្នកសារព័ត៌មានសួរថាតើមានមនុស្សប៉ុន្មាននាក់ បានឆ្លង COVID-19 នៅឯសេតវិមាន លោកត្រាំ មិនបានឆ្លើយសំនួរនេះទេដោយតបយ៉ាងខ្លីថា «អរគុណអ្នកទាំងអស់គ្នា»។ លោក ត្រាំ បានប្រកាសថាលោកនឹងចាកចេញពី មន្ទីរពេទ្យ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ខណៈបើតាមក្រុមគ្រូពេទ្យ បច្ចុប្បន្នលោកប្រធានាធិបតីអាមេរិក មិនមានអាការៈក្ដៅខ្លួនឡើយ រីឯកម្រិតអុកស៊ីសែនក្នុងឈាម ក៏ត្រឡប់ទៅរកធម្មតាវិញដែរ។
ថ្លែងនៅក្នុងសារបង្ហោះលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «យុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមឡើងវិញនៅពេលឆាប់ៗនេះ។ ព័ត៌មាន ក្លែងក្លាយ គឺមានតែបង្ហាញពីការស្ទង់មតិក្លែងក្លាយប៉ុណ្ណោះ»។ លោក ត្រាំ បន្ថែមថា៖ «ពិតជាមានអារម្មណ៍ល្អណាស់! កុំខ្លាច COVID-19។ កុំបណ្ដោយឱ្យវាគ្រប់គ្រង ជីវិតរបស់អ្នក។ នៅក្រោមរដ្ឋបាលត្រាំ យើងបានអភិវឌ្ឍចំណេះដឹង និងថ្នាំព្យាបាលដ៏អស្ចារ្យ។ ខ្ញុំមានអារម្មណ៍ណាស់, ល្អជាងកាលពី២០ឆ្នាំមុនទៅទៀត»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងភរិយា ត្រូវបានតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន តែជាងមួយខែប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិចិ្ឆកាចូលមកដល់។ ការឆ្លងនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់លោក និងការបោះឆ្នោត ខណៈអ្នកជំនាញខ្លះយល់ថា លោក ត្រាំ កំពុងព្យាយាមទាញយកប្រយោជន៍ពីការឆ្លង COVID-19 ដែលជាផ្នែកមួយធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។