ស្ថានភាពទឹក នៅទំនប់អាង៧មករា ហក់ឡើងខ្ពស់ អាចប្រឈមនឹងទឹកជំនន់ លិចរាជធានីភ្នំពេញ និងខេត្តកណ្តាល
ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ម្សិលមមិញ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាង៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត លើភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៥រសៀលនេះគឺមានកម្ពស់ ៧,៤ ម៉ែត្រ បើធៀបនឹងព្រឹកមិញគឺបានហក់ឡើងបន្ថែម ០,៣ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។ ជាមួយគ្នា ក្រុមការងារ បានបើកទ្វារទឹកទាំង៤ទ្វារ ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវទឹក២ គឺផ្លូវនាំទឹកទី១ តាមព្រែកកំពឹស(ប្រឡាយតាហោ)និងព្រែកហូរទម្លាក់ទឹកហូរទៅបឹងជើងលោង និង ផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅបង្ហូរទឹកទម្លាក់ចូលទន្លេបាសាក់ ។
ចំពោះស្ថានភាព ស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅឡើយទេ ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង ,បាវខ្សាច់ធំចំនួន ១.០០០បាវ ,បាវខ្សាច់តូចចំនួន ២០.០០០បាវ , សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ២៤ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍ នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រប្រឈម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។