ថៃ គ្រោង​ចំណាយ​ប្រា​ក់ជាង ៩៣​លាន​ដុល្លារ ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

​ថៃ​៖ គណៈកម្មាធិការ​វ៉ាក់សាំង​ជាតិ​ត្រៀម​ចំណាយ​ថវិកា​២.៩៣​ពាន់​លាន​បាត ឬ ស្មើនឹង​៩៣.២៥​លាន​ដុល្លា ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 ចំនួន​៦៦​លាន​ដូ​ស នៅ​ឆ្នាំ​២០២១ នេះ​បើតាម​ការប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​ថៃ ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ស៊ីន​ហួរ​នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍ COVID-19 លោកស្រី Panprapa Yongtrakul បាន​បញ្ជាក់ថា គណៈកម្មាធិការ​វ៉ាក់សាំង​ជាតិ បានសម្រេច​កក់​វ៉ាក់សាំង​ទាំងនោះ តាម​វិធី​ពីរ​យ៉ាង ដែល​ទីមួយ​ធ្វើឡើង​តាមរយៈ​កម្មវិធី​ផ្តួចផ្តើម​ដោយ​អង្គការ​សុខា​ភាព​ពិភពលោក ដែល​ហៅថា យុទ្ធនាការ Covax​។ ចំណែកឯ​កញ្ចប់​ទី​ពីរ ធ្វើឡើង​តាមរយៈ​ការចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចំនួន ១០​នៅ​អាមេរិក ចិន អង់គ្លេស និង​រុស្ស៊ី​។​

​សូមបញ្ជាក់​ផងដែរ​ថា វ៉ាក់សាំង​ទាំង​៦៦​លាន​ដូ​ស​ដែល​គ្រោង​នឹង​ទិញ​ខាងលើនេះ នឹង​គ្រប់​ដណ្តប់​លើ​ប្រជាជន​ថៃ​ចំនួន​៣៣​លាន​នាក់ ឬ​ប្រហាក់ប្រហែល​ស្មើរ​នឹង​៥០% នៃ​ចំនួន​ប្រជាជន​សរុប ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close