វារីអគ្គិសនីសេសានក្រោម-២ បើកដំណើរការ តើតម្លៃភ្លើងប្រែប្រួលបែបណា?
តម្លៃអគ្គិសនីនៅតែជាបញ្ហា ជាគំនាបមួយដែលរាំងស្ទះដល់វិសាលភាពនៃការផលិតក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាបានញ៉ាំងឲ្យផលិតផលក្នុងស្រុករបស់កម្ពុជាហាក់មានការលំបាកក្នុងការប្រកួតប្រជែងសម្រាប់ការនាំចេញ ខណៈដែលតម្លៃអគ្គិសនីនៅកម្ពុជាមានខ្ពស់ជាងប្រទេសជិតខាងរហូតដល់ជាង៣០%។
តែយ៉ាងណា រដ្ឋាភិបាលកម្ពុជាសង្ឃឹមថា បញ្ហាកង្វះថាមពលអគ្គិសនីនេះនឹងត្រូវបានដោះស្រាយបានរួចរាល់ក្នុងពេលឆាប់ៗនេះស្របពេលដែលកម្ពុជា បាននិងកំពុងពង្រីកបន្ថែមសមត្ថភាពផលិតថាមពលអគ្គិសនីរបស់ខ្លួនកាន់តែច្រើនឡើង តួយ៉ាង ការសាងសង់ទំនប់វារីអគ្គិសនី និងរោងចក្រផលិតថាមពលអគ្គិសនីជាច្រើនទៀតបាននិងកំពុងសាងសង់ឡើងបន្តបន្ទាប់។
ទោះបីជាសព្វថ្ងៃ មានប្រជាពលរដ្ឋជាង៣លានខ្នងផ្ទះ បានទទួលបានអគ្គិសនីប្រើប្រាស់ក៏ដោយ ប៉ុន្ដែ សម្រាប់វិស័យឧស្សាហកម្មវិញ បញ្ហាតម្លៃអគ្គិសនីនៅតែជាកត្តារំខានមួយសម្រាប់ការផលិតផល តួយ៉ាង ការផលិតនិងកែច្នៃផលិតផលកសិកម្ម និងរោងចក្រផ្សេងៗទៀត។
ជាមួយគ្នានេះ បើតាមរបាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា តម្លៃអគ្គិសនីនៅតែចោទជាបញ្ហាសម្រាប់ការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ពោលគឺថ្លៃថាមពលអគ្គិសនីមធ្យមសម្រាប់អ្នកប្រើប្រាស់ផ្នែកឧស្សាហកម្មធំៗ យ៉ាងហោចណាស់ នៅមានតម្លៃខ្ពស់ជាងប្រទេសថៃ មីយ៉ាន់ម៉ា ឬវៀតណាម ប្រមាណ៣៥%។
ស្របពេលដែលតម្រូវការនៃថាមពលអគ្គិសនីកំពុងមានកាន់តែច្រើនឡើង ក៏តម្រូវឲ្យការផលិតផលថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់មានកាន់តែច្រើនឡើងផងដែរ។ តួយ៉ាង បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទាញយកថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់តាមរយៈរោងចក្រអគ្គិសនីជីវម៉ាស់ រោងចក្រអគ្គិសនីដំណើរការដោយប្រេងខ្មៅ រោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្ម ថាមពលអគ្គិសនីដំណើរដោយបន្ទះសូឡា និងស្ថានីយវារីអគ្គិសនីជាច្រើនកន្លែងផងដែរ។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងពីភាពល្អប្រសើរនៃវិសាលភាពថាមពលអគ្គិសនីសម្រាប់ការប្រើប្រាស់នៅកម្ពុជាថា ក្រោយពីវារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ត្រូវបានដាក់ឲ្យដំណើរការ នោះកម្ពុជា នឹងមានបណ្ដាញផ្គត់ផ្គង់ដោយខ្លួនឯងប្រកបដោយស្ថិរភាព និងឯករាជ្យភាព ហើយក៏រំពឹងថា នឹងមិនចាំបាច់ត្រូវទិញថាមពលអគ្គិសនីពីប្រទេសជិតខាងមកប្រើប្រាស់តទៅទៀតនោះដែរ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលទើបតែបានបិទទ្វារទឹកនិងគ្រោងបើកឲ្យដំណើរការនៅឆ្នាំ២០១៨ខាងមុខនេះ គឺជាទំនប់វារីអគ្គិសនីមួយ ដែលមានសមត្ថភាពខ្លាំងជាងគេក្នុងការផលិតផលថាមពលអគ្គិសនីរហូតដល់១៩១២លានគីឡូវ៉ាត់ម៉ោង ជាមួយកម្លាំងថាមពល ៤០០មេហ្គាវ៉ាត់។
ទំនប់វារីអគ្គិសនីធំជាងគេក្នុងប្រទេសកម្ពុជានេះ ត្រូវបានសហវិនិយោគរួមគ្នារវាងក្រុមហ៊ុនធំៗ៣ គឺ ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% ជាមួយនឹងទំហំទឹកប្រាក់សរុបចំនួន ៧៨១.៥២ លានដុល្លារអាមេរិក។
ក្រោយពីទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានដាក់ឲ្យដំណើរ នឹងត្រូវតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងបន្តពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ ដែលគេរំពឹងថា នឹងធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។ ដោយក្នុងនោះ ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០៛ ប្រសិនបើប្រើចាប់ពី ១១ គ.វ.ម៉ ដល់ ៥០ គ.វ.ម៉ គឺបង់តែ ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។ ចំពោះខេត្តរតនគិរី គឺបង់តែ ៦៧០៛ ព្រោះខេត្តនេះគឺមានវារីអគ្គិសនីប្រើរួចហើយ នេះបើតាមប្រសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានឆ្លើយតបជាមួយ ខេមបូណូមីស តាមរយៈសារអេឡិចត្រូនិកបានឲ្យដឹងថា គិតមកទល់ពេលនេះ កម្ពុជាមានទំនប់វារីអគ្គិសនីដែលបានសាងសង់ហើយចំនួន៧កន្លែង។
ក្រៅពីទំនប់វារីអគ្គិសនីសេសានក្រោម២នេះ កាលពីពេលថ្មីៗនេះ កម្ពុជាក៏ទើបតែបើកដាក់ឲ្យដំណើការសាកល្បងលើការទាញយកថាមពលពីពន្លឺព្រះអាទិត្យ ឬហៅថាបន្ទះសូឡាសម្រាប់ប្រើប្រាស់ផងដែរ ដោយការផលិតថាមពលនេះ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ជាមួយនឹងការផលិតថាមពលអគ្គិសនីបានជាង១០មេហ្គាវ៉ាត់។ គម្រោងមួយនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី ជាមួយទំហំទឹកប្រាក់ប្រមាណជាង១២លានដុល្លារអាមេរិក។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅ៥ឆ្នាំខាងមុខទៀតនេះ កម្ពុជានឹងមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅទូទាំងប្រទេស។
ក្រោយពីវត្តមានរបស់ស្ថានីយផលិតថាមពលអគ្គិសនីធំៗ ដែលទើបនឹងត្រូវបានបង្កើតឡើងនេះ គេរំពឹងថា នឹងធ្វើឲ្យតម្លៃអគ្គិសនីក្នុងស្រុកសម្រាប់បម្រើដល់វិស័យឧស្សាហកម្មនៅកម្ពុជា អាចនឹងចុះថោកជាងមុន ដែលវានឹងជួយដោះស្រាយដល់បញ្ហារបស់សហគ្រិន ក៏ដូចជាម្ចាស់រោងចក្រ សហគ្រាស ក្នុងការផលិត និងជំរុញឲ្យផលិតផលក្នុងស្រុកកាន់តែមានភាពប្រកួតប្រជែងលើទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។