អភិបាលខេត្ត​កំពង់ស្ពឺ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ក្នុងស្រុក​សំរោង​ទង និង​ស្រុក​ឧដ្ដុង្គ​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ អមដំណើរ​ដោយ​លោក​ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ លោកនាយក​រដ្ឋបាលខេត្ត លោក​អភិបាលស្រុក និង​មន្ត្រី​ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង ស្ថានភាព​បង្កបង្កើន​ផលដំណាំ​ស្រូវ របស់​ប្រជាពលរដ្ឋ រួមទាំង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ស្រុក​សំរោង​ទង និង​ស្រុក​ឧដុង្គ ដែល​រង​នូវ​ផលប៉ះពាល់​ដោយ​ទឹកភ្លៀង​កន្លងមក​។​

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ ឯកឧត្តម វ៉ី សំណាង បាន​ណែនាំ​ដល់​មន្ទីរជំនាញ​អង្គភាព​ពាក់ព័ន្ធ​និង​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​ត្រៀម​នូវ​វិធាន​ការសរុប មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ទន្ទឹមនឹង​ការចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ទឹកភ្លៀង​នៅពេលនេះ គឺ​មិនទាន់មាន​សភាព​ធ្ងន់ធ្ងរ ឬក៏​ឈានទៅដល់​ការប្រកាសអាសន្ន​ណាមួយ​នោះទេ ឯកឧត្តម​បន្ថែមទៀតថា ផលប៉ះពាល់​ដែល​រងគ្រោះ​ដោយសារ​ទឹកភ្លៀង​នេះ​មិនមែន​មានតែ​ក្នុងស្រុក​សំរោង​ទង និង​ស្រុក​ឧដុង្គ​នោះទេ គឺមាន​ការលិចលង់​នៅតាម​បណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើន​ទៀត នៅក្នុង​ខេត្តកំពង់ស្ពឺ ដូច្នេះ​សូម​លោក​អភិបាលក្រុង ស្រុក មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​តាមដាន​ស្ថានភាព​ទឹកភ្លៀង​នេះ ត្រូវ​រាយការណ៍​មក​អាជ្ញាធរខេត្ត ដើម្បី​ចាត់វិធានការ​ចុះជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​សុខភាព ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់ ក្មេង​តូចៗ នៅពេល​មាន​ខ្យល់ ឬ ភ្លៀង ហាម​ជ្រក​ក្រោម​ដើមឈើ និង​ប្រយ័ត្ន​ចំពោះ​ពពួកសត្វ​មាន​ពឹ​ស​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close