សម្តេច​តេ​ជោ អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» នៅ​ស្រុក​កៀនស្វាយ​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៧ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» គឺជា​គម្រោង​សួន​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ចម្ងាយ​ជាង ២០​គីឡូ ម៉ែត្រ ពី​កណ្តាល​រាជធានី​ភ្នំពេញ​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន «​ព្រី​នស៍ ខ​ល​ឈ័​រ អេ​ន ធួ​រី​ហ្សឹ​ម ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក​» ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ជាង ១៣​ហិកតា ជាមួយ​គម្រប​រុក្ខជាតិ​បៃតង​ចំនួន ៨៨​ភាគរយ​។​

​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​គម្រោង​កម្សាន្ត​ដូចជា ការកម្សាន្ត​បែប​ផ្សងព្រេង រំភើប កក់ក្តៅ និង​ពោរពេញ​ដោយ​មនោសញ្ចេតនា​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ក៏មាន​កង​វិល​កម្ពស់ ៨៨​ម៉ែត្រ ដែល​ប្រៀបដូចជា​ភ្នែក​នៃ​ទីក្រុង​ភ្នំពេញ រួមជាមួយ​ពិភព​ទឹក​កម្សាន្ត​ព្រី​នស៍ ដែលមាន​ទំហំ​ប្រមាណ ១​ហិកតា ទីវាល​ប្រណាំង​ឡាន​ប្រកបដោយ​ស្តង់ដារ និង​សួន​រុក្ខជាតិ​អេកូឡូស៊ី​ជាដើម​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ផ្តល់​ការកម្សាន្ត​ជូន​ដល់​អ្នកទេសចរ​គ្រប់​វ័យ ពោល​គឺមាន​កន្លែង​កម្សាន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។​

​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» មាន​សេវាកម្ម​កម្សាន្ត​ដូចជា​៖ ឧបករណ៍​ជិះ​ទម្លាក់ កៅអី​វិល​ហោះហើរ សេះ​វិល ទូក​ចោរ​សមុទ្រ រថយន្តបុក​គ្នា ឌី​ស្កូ​ក្រឡាប់ចាក់ រថយន្ត​ប្រណាំង កន្ត្រ​កវិល និង​សួន​ទឹកជា​ដើម​។ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» បើកទ្វារ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ​។ តម្លៃ​សំបុត្រ មាន​ចាប់ពី ៤​ដុល្លារ រហូតដល់​៤០​ដុល្លារ​។ សម្រាប់​សំបុត្រ​តម្លៃ ៤០​ដុល្លារ គឺ​អ្នកទេសចរ​អាច​លេង​រាល់​ឧបករណ៍​កម្សាន្ត​ដែលមាន​នៅក្នុង​មណ្ឌល​កម្សាន្ត​មួយ​នេះ​។​

​ក្រៅតែពី​ផ្តល់នូវ​ការកម្សាន្ត​ដ៏​សម្បូរបែប​ហើយ​នោះ មជ្ឈមណ្ឌល​កម្សាន្ត «​ព្រី​នស៍ ម៉ា​ណ័​រ​» ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​នេះ ក៏បាន​រួមចំណែក​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​ប្រមាណ ១៩០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close