Huawei នឹងផ្ដួល Apple ឲ្យធ្លាក់ទៅលេខ ៣ នៅឆ្នាំនេះ ឬឆ្នាំក្រោយ?
ក្រុមហ៊ុនជំនាញខាងវិភាគទីផ្សារ International Data Corporation ហៅកាត់ថា IDC បានព្យាករណ៍ថាក្រុមហ៊ុន Huawei នឹងអាចយកឈ្នះ Apple សម្រាប់ទំហំទីផ្សារលើសកលលោកបើមិននៅឆ្នាំនេះ ក៏ឆ្នាំក្រោយដែរ។
Huawei គឺកំពុងតែប្រកិតប្រកៀកនឹង Apple ស្រាប់ទៅហើយដោយកាន់កាប់ទីផ្សារស្មាតហ្វូនសកល ១១,៣% ធៀបនឹង Apple មាន ១២%។ IDC ជឿថាស្មាតហ្វូន Mate 10 និង Mate 10 Pro ដែលប្រើបន្ទះឈីប AI ថ្មីនឹងជួយបង្កើនបរិមាណលក់ ដើម្បីជួយឲ្យ Huawei អាចដណ្ដើមយកតំណែងលេខពីរពី Apple។
ក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍ CNBC លោក Francisco Jeronimoអ្នកជំនាញជាន់ខ្ពស់របស់ IDC បានលើកឡើងថា ៖ “បច្ចុប្បន្ននេះ Huawei គឺជាគូប្រជែងដ៏ធំមួយរបស់ Apple និង Samsung។ ពូកគេ (Huawei) ពិតជារីកធំលឿនណាស់។ ពួកគេនឹងអាចយកឈ្នះ Apple លើជំនួញស្មាតហ្វូនបាន បើមិនឆ្នាំនេះទេ ក៏ឆ្នាំក្រោយដែរ”។
អ្នកវិភាគដទៃទៀតបានព្យាករណ៍ថា Huawei ប្រហែលជាកាន់កាប់តំណែង Apple បានបណ្ដោះអាសន្ន ហើយ Apple នឹងអាចឡើងលេខវិញបន្ទាប់ពី iPhone X និង iPhone 8 ចេញលក់។ យ៉ាងណាក្ដី IDC គិតថាការផ្លាស់ប្ដូរនេះនឹងមានរយៈពេលយូរអង្វែង។ IDC ថែមជឿជាក់ទៀតថាក្រោយពីយកឈ្នះ Apple ហើយ Samsung នឹងជាមុខសញ្ញាបន្ទាប់របស់ Huawei៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។