ការតម្រង់ទិសសហគ្រិនស្ត្រី ទៅរកគំនិតអាជីវកម្ម ក្នុងវិស័យទេសចរណ៍ គឺដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩
ខេត្តមណ្ឌលគិរី៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្តីពី “សហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ និងការសិក្សាអំពីសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ នៅខេត្តមណ្ឌលគិរី។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកជំទាវ ហ៊ុន ដានី បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាព ចំណេះដឹងរបស់មន្ត្រីជំនាញទទួលបន្ទុកអនុវត្តការងារក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើងពាក់ព័ន្ធទៅនឹងសហគ្រិនភាព ព្រមទាំងតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មថ្មីក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
លោកជំទាវបានបន្ថែមទៀតថា ស្របតាមតម្រូវការសហគ្រិនស្ត្រីអាស៊ាន កម្ពុជាមានបេសកកម្មក្នុងការពង្រឹងពង្រីកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាប្រមូលផ្តុំដោយតំណាងសមាគម និងសហព័ន្ធតំណាងឱ្យស្ត្រីក្នុងវិស័យធុរកិច្ច ដែលក្នុងនោះក៏មានស្ត្រីក្នុងវិស័យទេសចរណ៍ផងដែរ។
ម្យ៉ាងទៀតដើម្បីរក្សាលំនឹងអាជីវកម្មក្នុងវិស័យទេសចរណ៍ ទន្ទឹមនឹងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវវិធានការណ៍ដោយឡែក និងយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារ ទប់ទល់ និងត្រៀមឱ្យបានរួចរាល់សម្រាប់លំហូរទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដែលទាមទារឱ្យមានការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍។
ជាការណ៍សំខាន់ចាំបាច់ណាស់ក្នុងការតម្រង់ទិសសហគ្រិនស្ត្រីទៅរកគំនិតអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ គំនិតអាជីវកម្មថ្មីៗ គំនិតច្នៃប្រឌិតហើយប្លែកៗ ដែលពាក់ព័ន្ធបំផុតនឹងសហគមន៍ដែលអាចផ្គត់ផ្គង់ដោយងាយ ក្នុងតម្លៃសមស្របតាមទីផ្សារ និងនិន្នាការទេសចរណ៍ ជាពិសេសគឺដើម្បីចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធាន «វប្បធម៌ ធម្មជាតិ និងអេកូទេសចរណ៍» ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា៖ ទឹកជ្រោះជាច្រើនកន្លែង ព្រមទាំងធម្មជាតិ ភ្នំតូច ធំ ចម្ការស្រល់ ព្រៃឈើដែលជាជម្រកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ ព្រមជាមួយនេះ ខេត្តមណ្ឌលគិរី ក៏មានទសន្តិសុខ និងសុវត្ថិភាពល្អផងដែរ ដែលភ្ញៀវទេសចរអាចមកកម្សាន្តបានគ្រប់ពេលវេលា និងគ្រប់រដូវកាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។