សិប្បកម្មកែច្នៃឫស្សីសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ ជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់
សិប្បកម្មកែច្នៃឫស្សីខ្នាតតូចសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់។ការឈប់កាប់បំផ្លាញព្រៃហើយប្តេជ្ញាការពារ ធម្មជាតិព្រៃព្រឹក្សាលតាវល្លិដោយក្តីស្រលាញ់នេះ បន្ទាប់ពីពលរដ្ឋក្នុងសហគមន៍ទទួលបានការការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ពីអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារជំនួសឱ្យការចូលព្រៃកាប់ឈើលក់ខុសច្បាប់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងពេលដឹកនាំប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មានចុះពិនិត្យ និងស្វែងយល់ពីការរៀបចំគម្រោងរេដបូកនិងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែតុលាថាការបណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែកមួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាននិងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជាពលរដ្ឋសម្រាប់រកចំណូលចិញ្ចឹមជីវិត។
ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងតែជំរុញលើសេដ្ឋកិច្ចមូលដ្ឋាន ពីព្រោះថា អ្វីដែលសំខាន់គឺការធ្វើឱ្យមាននិរន្តរភាពនៃការការពារលើធនធានធម្មជាតិ និងបរិស្ថាន គឺព្រៃឈើ សត្វព្រៃមាននិរន្តរភាពបានទាល់តែយើងមានអ្វីដែលអាចជំនួសមុខរបររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការបានបន្តថា «ពីមុនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ចូលព្រៃដើម្បីរកផលនិងអនុផលព្រៃឈើហើយសកម្មភាពខ្លះគឺខុសច្បាប់ទៀត ប៉ុន្តែឥឡូវនេះគាត់បានកែប្រែនូវមុខរបររបស់គាត់គឺពីការចូលព្រៃទៅបរបាញ់សត្វទៅកាប់ឈើឬទៅប្រមូលអនុផលព្រៃឈើមកជាការកែច្នៃនូវវត្ថុអនុស្សាវរីយ៍ឬរបស់របរប្រើប្រាស់ចេញពីដើមឫស្សី»។
លោក ង៉ឺម ឡូញ ប្រធានក្រុមកែច្នៃឫស្សីបាននិយាយថា អ្នកដែលបានក្លាយជាខ្លួនជាសមាជិកសហគមន៍ការពារធម្មជាតិមានមុខរបរមានជម្រើសថ្មីហើយ ពួកគាត់អត់វិលត្រលប់ទៅរកមុខរបរចាស់របស់គាត់ទេ។ផ្ទុយមកវិញអ្នកមួយចំនួនដែលគាត់ចូលទៅព្រៃកាប់ឈើពេលដែលឃើញសមាជិកសហគមន៍ការពារព្រៃធម្មជាតិរបស់គាត់មានចំណូលបានមកពីការកែច្នៃវត្ថុអនុស្សាវរីយ៍ គាត់ចាប់ផ្តើមស្នើសុំចូលជាសមាជិកជាបន្តបន្ទាប់។
លោក ង៉ឺម ឡូញ បានបញ្ជាក់ថា «សហគមន៍ខ្ញុំអត់ទៅកាប់ឈើ អត់ទៅបំផ្លិចបំផ្លាញទៅទន្ទ្រានព្រៃយកដីកាន់កាប់អីទេគឺពួកយើងចង់រក្សាឈើឱ្យនៅឈរ ពីព្រោះយើងចង់ឱ្យតួនាទីឈើនេះបានប្រយោជន៍ទៅឱ្យពួកយើង តកូន តចៅ និងមនុស្សរាប់ជំនាន់តទៅទៀត»។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននិងអង្គការWCSបណ្តុះបណ្តាលពលរដ្ឋឱ្យចេះកែច្នៃវត្ថុអនុស្សាវរីយ៍នេះ កំពុងតែដើរនៅលើផ្លូវត្រូវនៅក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិតាមរយៈការបង្កើតសេដ្ឋកិច្ចមូលដ្ឋានបង្កើនជីវភាពសហគមន៍ ហើយនេះជាផ្នែកមួយនៃចំណូលរបស់គាត់ដោយយើងក៏រាប់បញ្ចូលផងដែរនូវផលប្រយោជន៍ដែលគាត់ទទួលបានពីគម្រោងឥណទានកាបូនក្នុងមួយឆ្នាំពួកគាត់មួយភូមិទទួលបានជា១ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយនៅក្នុងឃុំស្រែព្រះនេះទទួលបានចំនួន៥ភូមិសរុបជារួមបានជាង៥ម៉ឺនដុល្លារសម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បង្កើតប្រព័ន្ធទឹកស្អាតប្រើប្រាស់ជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបន្តថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្រៀនវិជ្ជាជីវៈសិប្បកម្មដល់ពលរដ្ឋមូលដ្ឋាននេះ សហគមន៍រក្សាបានទាំងឈើឈរ និងបានលុយពីតួនាទីរបស់ឈើថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។