ហ្វេសប៊ុកដាក់កម្ពុជាក្នុងគម្រោងសាកល្បងថ្មីក្នុងចំណោម៦ប្រទេស
ប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងចំណោមប្រទេស ៦ផ្សេងទៀត ត្រូវបានដាក់ឲ្យសាកល្បងសម្រាប់ជំហានថ្មីមួយទៀតរបស់បណ្ដាញសង្គម Faccebook ដើម្បីចែកឲ្យដាច់រវាងព័ត៌មានផ្ទាល់ខ្លួន និងការបង្ហោះព័ត៌មានលក្ខណៈពាណិជ្ជកម្ម។ នេះដោយយោងតាមកាសែត New York Times ចុះផ្សាយនៅថ្ងៃនេះ។
កាសែតអាមេរិកមួយនេះ បានចុះផ្សាយបែបនេះ ដោយបានដកស្រង់សេចក្ដីប្រកាសព័ត៌មានរបស់បណ្ដាញសង្គមយក្សមួយនេះ ដែលបានចេញផ្សាយនៅថ្ងៃនេះ។
យោងតាមសេចក្ដីរាយការណ៍នេះ ហ្វេសប៊ុកបានសម្រេចចិត្តបែបនេះ ដើម្បីបង្កើនលំហូរនៃការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ News Feed របស់ខ្លួន។
News Feed គឺជាប្លង់កណ្ដាលនៃបណ្ដាញសង្គមហ្វេសប៊ុក ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះសារជាអក្សរ បង្ហោះរូបថត ចែករំលែកជាមួយសាច់ញាតិ និងមិត្តភក្តិ។ វាក៏ជាប្លង់សម្រាប់ហ្វេសប៊ុកបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនឯកជន ឬទំព័រហ្វេសប៊ុកឯកជនណាមួយរបស់អ្នកប្រើប្រាស់ផងដែរ។
កាសែតអាមេរិកមួយនេះ បានរាយការណ៍បន្តថា ក្រុមហ៊ុនហ្វេសប៊ុក បានចាប់ផ្ដើមអនុវត្តនូវសាកល្បងនេះ នៅតាមបណ្ដាប្រទេសតូចៗចំនួន ៦ ដូចជាប៊ូលីវី កម្ពុជា ហ្កាតេម៉ាឡា ស៊ែប៊ី ស្លូវ៉ាគី និងស្រីលង្កា ហើយការសាកល្បងនេះ អាចនឹងមានរយៈពេលប៉ុន្មានខែទៅមុខ។
ទោះជាយ៉ាងណា ដំណើរការអនុវត្តក្នុងលក្ខណៈសាកល្បងនេះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកអះអាងថា មិនមែនធ្វើឡើងជាសកល សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនជាង ២ពាន់លាននាក់នោះទេ។
ការសម្រេចបែបនេះ គឺជាជំហ៊ានបង្ខំឲ្យម្ចាស់ទំព័រហ្វេសប៊ុកនៃក្រុមហ៊ុនឯកជន ឬម្ចាស់អាជីវកម្ម ត្រូវចំណាយប្រាក់សម្រាប់ការចែករំលែកសាររបស់ខ្លួន ដែលមានលក្ខណៈជាការផ្សាយពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។