លោក​ជី សិលា CEO​របស់​Sabay ៖ អ្នក​ចង់​រកស៊ី​ត្រូវ​ដឹងថា សម័យនេះ​មិនមែន​ត្រី​ធំ​ស៊ី​ត្រី​តូច​ទេ តែ​ជា​សម័យ​ត្រី​លឿន​ស៊ី​ត្រី​យឺត​

​លោក ជី សិលា អគ្គនាយក​ក្រុមហ៊ុន Sabay  បាន​លើកឡើងថា បច្ចុប្បន្ននេះ ម្ចាស់​ក្រុមហ៊ុន ឬ សហគ្រិន​ទាំងឡាយណា​ដែល ពូកែ និង ដើរ​ទាន់​សម័យកាល​ទើប​ទទួលបាន​ជោគជ័យ ព្រោះ ពិភពលោក​មានការ​ផ្លាស់​ប្តូរ និង រីកចម្រើន​លឿន​ណាស់​។​

​កាលពីមុន ក្រុមហ៊ុន​តូចៗ​ជាច្រើន​ត្រូវបាន​ដួលរលំ​ដោយសារតែ​ក្រុមហ៊ុន​ធំៗ ព្រោះ​ក្រុមហ៊ុន​ធំ​មាន​លុយ​ច្រើន និង ធនធានមនុស្ស​ច្រើន ដូច្នេះហើយ​ប្រកួតប្រជែង​មិន​ឈ្នះ​នោះឡើយ​។ ប៉ុន្តែ​មកដល់​សម័យថ្មី​នេះ អ្វីៗ​គឺ​មិន​ដូច​មុន​ទៀតឡើយ ព្រោះ​ដើម្បី​អាចឈរជើង​នៅលើ​ទីផ្សារ និង បន្តជីវិត​អាជីវ​កម្មបាន មិនមែន​ពឹង​លើ​តែ​មាឌ​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​ពឹង​លើ​ភាព​វៃឆ្លាត និង រហ័សរហួន ដោយ​យល់ច្បាស់​អំពី​ការផ្លាស់ប្តូរ​របស់​ពិភពលោក ឬ ដើរ​ទាន់​សម័យកាល​។​

​ថ្លែង​ក្នុង​កម្មវិធី​«​គន្លឹះ​ក្នុង​ការធ្វើ​អាជីវកម្ម​សម័យ​Digital» កាលពី​ល្ងាចម្សិលមិញ នៅ​ផាក​កាហ្វេ លោក​បាន​អះអាងថា​៖ «​សម័យនេះ​មិនមែន​ត្រី​ធំ​ស៊ី​ត្រី​តូច​ទេ តែ​ជា​សម័យ​ត្រី​លឿន​ស៊ី​ត្រី​យឺត​»​។​

​ការពន្យល់​បែបនេះ គឺ​ដោយសារតែ​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ពិភពលោក មិនអាច​រីកចម្រើន ឬ កំពុង​ដួល​រំលំ ដោយហេតុថា ដើរ​យឺត​មិនទាន់​សម័យកាល ឬ​មិនទាន់​បច្ចេកវិទ្យា​។​

​អគ្គនាយក​ក្រុមហ៊ុន Sabay រូបនេះ បាន​ផ្តាំ​ទៅ​អ្នករកស៊ី​ទាំងអស់​ថា ត្រូវតែមាន​ទស្សនវិស័យ​វែងឆ្ងាយ ហើយ​ក៏បាន​សង្កត់ធ្ងន់​ទៀតថា ធ្វើជា​អ្នករកស៊ី ឬ ថៅកែ​គេ​មិនមែន​សុទ្ធ​តែមាន​ជីវភាព​ធូរធា​នោះឡើយ ព្រោះ​ការរកស៊ី​គឺមាន​ការលំបាក​ណាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close