រដ្ឋបាលខេត្ត​ពោធិ៍សាត់ ផ្អាក​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដោយសារ​ទឹក​ជន់​លិច !

​ពោធិ៍សាត់​៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់ សម្រេច​បន្ត​ហាមឃាត់​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​ពោធិ៍សាត់ ចាប់ពី​គីឡូម៉ែត្រ​លេខ​១៨៦ ដល់​គីឡូម៉ែត្រ​លេខ​១៩៣ ដោយសារ​ជំនន់​ទឹកភ្លៀង បាន​ជន់​លិច​លើ​កំណាត់​ផ្លូវ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ បានបញ្ជាក់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា​នេះ​។​

​សូមជម្រាបថា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ អាជ្ញាធរខេត្ត​ពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង​ផ្អាក​ការធ្វើ​ចរាចរ​រថយន្ត​ធុន​ធំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ដោយ​ស្ថានភាព​ទឹក​ទំនន់​ក្នុង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​រយៈពេល​ជាច្រើន​ថ្ងៃ​មក ធ្វើ​ឲ្យ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ ចំនួន​៥​ក្រុង​/​ស្រុក​។​

​នៅក្នុង​ក្រុង​ពោធិ៍សាត់ បាន​រង​ប៉ះពាល់​ខ្លាំងជាងគេ បណ្តាល​ឲ្យ​លិចលង់​ផ្លូវ​មួយចំនួន នៅក្នុង​ក្រុង​ពោធិ៍សាត់ ជាពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច គីឡូម៉ែត្រ​១៨៦ ដល់​គីឡូម៉ែត្រ ១៩៣ ត្រូវបាន​លិច​។ ព្រោះតែ​ការ​ជន់​លិច​នេះ​រដ្ឋបាលខេត្ត សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​ទាំងស្រុង​ចំពោះ​រថយន្ត​ធុន​ធំ ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close