ស្ថានភាព​ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត អាច​ងើបឡើង​ទៀត ដោយសារ​ទ្វារ​ទឹក នៅ​រលាំង​ជ្រៃ​បើក​បន្ថែម​

ភ្នំពេញ​៖ គិត​មកដល់​ព្រឹក ថ្ងៃ​១២ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ទឹក​តាម​ដងស្ទឹង​ព្រែក​ត្នោត មាន​ដូចខាងក្រោម​៖
១-​កម្ពស់​ទឹក​
-​នៅលើ​សំណង់​បង្ហៀរ​កម្ពស់​ទឹក ៥,៦៣​ហូ​រលើ​បង្ហៀរ​០,៨៣​ម៉ែត្រ កើន​ជាង​ម្សិលមិញ​០,២២
-​ផ្នែក​ខាងក្រោយ សំណង់​៨,៣៥​ម៉ែត្រ ធៀប​ពី​ម្សិលមិញ កើន ០,២៥​ម៉ែត្រ​
-​នៅតាម​ដងស្ទឹង វត្ត​ក្តុល​ទឹក​កើន​០,៣​ម៉ែត្រ​
២-​សកម្មភាព​ការងារ​
-​ចុះ​តាមដាន​សភាព​ទឹក​តាម​ដងស្ទឹង​
-​ដឹក​ដី​ចាក់​ត្រង់ចំណុច​ដែលមាន​រូង​នាគ​
-​ទីតាំង​គ្រឿងចក្រ​ឈ​ជើង​៤​ទីតាំង​
-​រៀប​បាវ​ខ្សាច់​នៅ​ជិត​វត្ត​ចំការ​ខ្សាច់​បន្ត​
៣-​ល្ងាច​នេះ ទឹក​អាច​ងើបឡើង​បន្តិច​ដោយសារ​ទ្វារ​ទឹក​នៅ​រលាំង​ជ្រៃ​បើក​បន្ថែម​។​

​គួររំលឹកថា កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លើ​ខ្នង​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នៅ​ទីតាំង​វត្ត​ចំការ​ខ្សាច់ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​កំពុង​យាយី​ដោយ​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​សូមបញ្ជាក់ថា ស្ថានភាព​ទឹក​នៅ​បន្ត​ឡើង​បន្ថែមទៀត តែ​មិនទាន់មាន​អ្វីដែល​ជាការ​យាយី​ដល់​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ដោយ​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រសួង​បានធ្វើការ​បិត​រូង​នាគ​ជាច្រើន​កន្លែង​នៅតាម​តួ​ទំនប់ និង​យាម​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង អស់​រយៈពេល​ជាង​១​សប្តាហ៍​មកហើយ​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​សំណូមពរ​ដល់​ស្ថាប័ន​ដែល​កំពុង​ធ្វើ​ការដ្ឋាន ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​យើង មេត្តា​រក្សា​នូវ​ទំហំ ឬ​ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការ​ដោះ​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់ពេលវេលា បើ​ពុំ​នោះទេ​រាជធានី​ភ្នំពេញ​នឹង​ទទួលរង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close