ពលរដ្ឋ​ជិត ២​ពាន់​គ្រួសារ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តបាត់ដំបង

​ខេត្តបាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងថា ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ត្រូវ​ជំនន់​ទឹកភ្លៀង​លិច​ផ្ទះសម្បែង ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃនេះ​ត្រូវបាន​អាជ្ញាធរខេត្ត រួមទាំង​កងកម្លាំង​នានា ជួយសង្គ្រោះ​នាំទៅ​កាន់​ទីទួល​សុវត្ថិភាព​ប្រមាណ​ជិត ២​ពាន់​គ្រួសារ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែង​បែបនេះ ខណៈ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ ក្នុង​ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណន់ កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ដោយ​បញ្ជាក់ថា ស្ទឹងធំៗ​ក្នុង​ខេត្តបាត់ដំបង មាន​ស្ទឹង​សង្កែ ស្ទឹង​ប​វេ​ល និង​ស្ទឹង​ដូន​ទ្រី ទឹកជំនន់​បានកើត​ឡើង​ព្រមៗ​គ្នា និង​បណ្ដាល​ឲ្យ​មានការ​លិចលង់​ផ្ទះសម្បែង ផលដំណាំ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ នៅក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​មួយចំនួន ។​

​ឯកឧត្តម បាន​បន្តថា ចំពោះ​បញ្ហា​ជំនន់​ទឹកភ្លៀង​នេះ​អាជ្ញាធរខេត្ត​រួមទាំង​កងកម្លាំង​ទាំង​៣ បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ត្រូវ​ទឹក​លិចលង់​ផ្ទះសម្បែង មិនមាន​បោះបង់​អ្នកណាម្នាក់ ហើយ​អាជ្ញាធរ​ក៏​កំពុង​បន្ត​ជួយសង្គ្រោះ​អ្នក​កំពុង​លិច​ផ្ទះ នៅក្នុង​តំបន់​មួយចំនួនទៀត​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ឈើទាល ស្រុក​បាណន់ បាន​លើកឡើងថា ជា​រៀងរាល់ឆ្នាំ​នៅក្នុង​តំបន់​ពួកគាត់ គឺមាន​ទឹកជំនន់​ឡើង​រាល់​ឆ្នាំ ព្រោះថា​នៅ​ជិត​ស្ទឹង​សង្កែ ប៉ុន្តែ​នៅ​ឆ្នាំនេះ ទឹក​ហាក់​ឡើង​ខ្លាំង​ខុសប្លែក រហូតដល់​លិច​ផ្ទះ និង​ត្រូវបាន​អាជ្ញាធរខេត្ត រួមទាំង​កងកម្លាំង​នានា បាន​ជួយសង្គ្រោះ​នាំមក​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិនមាន​អ្នកណាម្នាក់​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​បញ្ហា​ទឹកជំនន់​នេះ​ទេ ។​

​គួរ​បញ្ជាក់ថា នា​ចុងរដូវ​វស្សា ក្នុង​ឆ្នាំ​២០២០​នេះ នៅ​ខេត្តបាត់ដំបង បាន​ជួប​បញ្ហា​គ្រោះទឹកជំនន់ នៅតាម​បណ្ដា​ស្រុក​មួយចំនួន មានស្រុក​រុក្ខ​គិរី ស្រុក​មោងឫស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ ស្រុក​បាណន់ ស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ស្រុក​ប​វេ​ល ក្នុង​ក្រុង​បាត់ដំបង និង​ស្រុក​មួយចំនួនទៀត ដោយ​គ្រោះធម្មជាតិ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ដំណាំ​ស្រូវ​ជាច្រើន​ហិកតា រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ខណៈពេល​នេះ ក៏មាន​ស្រុក​ខ្លះ​ទឹកបាន​ស្រក​បណ្ដើរៗ និង​ខ្លះទៀត​នៅតែ​បន្ត​លិចលង់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close