បុរី​ទេសចរណ៍ និង​វប្បធម៌​ធំ​មួយទៀត ឈ្មោះ​«​បឹង​តារា​ច័ន្ទ​» នឹង​លេច​រូបរាង​នៅ​តារា​សាគរ​

​ខេត្តកោះកុង​៖ កាលពី​ចុង​សប្តាហ៍​នេះ ក្រុមហ៊ុន ខូ​សថ​ល ស៊ី​ធី ឌី​វេឡុ​ប​ម៉ិ​ន គ្រុប ឯ​.​ក ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា​នោះ បាន​បញ្ចេញ​គម្រោង​ថ្មី​មួយទៀត​នៅ​តំបន់​តារា​សាគរ នោះ​គឺ​គម្រោង​បុរី​ទេសចរណ៍ និង​វប្បធម៌​បឹង​តារា​ច័ន្ទ ដើម្បី​បម្រើ​សេចក្ដីត្រូវការ​បន្ថែម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន និង​ដើម្បី​ត្រៀម​ទទួល​វត្តមាន​ភ្ញៀវទេសចរ​អន្តរជាតិ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​នេះ ត្រូវ​បានបញ្ចប់​នាពេលខាងមុខ​។​

​នាឱកាស​នោះ ឯកឧត្តម ប៉ាក់ សុខុម បាន​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន ខូ​សថ​ល ស៊ី​ធី ឌី​វេឡុ​ប​ម៉ិ​ន គ្រុប ឯ​.​ក ដែល​បាន​ខិតខំ​អភិវឌ្ឍ​នូវ​សម្បទា​ទ្រទ្រង់ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន​នៅក្នុង​តំបន់​តារា​សាគរ ខេត្តកោះកុង និង​បាន​នាំមក​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​គួរ​ជាទី​កត់សម្គាល់​។ ជាក់ស្តែង គម្រោង​បុរី​ទេសចរណ៍ និង​វប្បធម៌​បឹង​តារា​ច័ន្ទ​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​មួយ​ក្នុងចំណោម​គម្រោង​អភិឌ្ឍន៍​ដទៃទៀត​នៃ​គម្រោង Stardream​។​

​លោកជំទាវ មិថុនា ភូ​ថង ក៏បាន​ឱ្យដឹង​ដែរ​ថា គម្រោង​ខាងលើនេះ​ជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​កម្ពុជា ជាពិសេស​ខេត្តកោះកុង​ផ្ទាល់ ដែល​នឹងមាន​សហគមន៍​ភូមិគ្រឹះ​ចម្រុះ​អេកូ​ទេសចរណ៍​ដែលមាន​លក្ខណៈ​ធម្មជាតិ និង​ថ្មី​ដំបូង​គេ​បង្អស់​លេច​រូបរាង​ឡើង​។ បុរី​ទេសចរណ៍ និង​វប្បធម៌​តារា​ច័ន្ទ​នេះ​នឹង​ក្លាយជា​សមិទ្ធផល​ទេសចរណ៍​ដ៏​ធំ​មួយទៀត ដែល​នឹង​អាច​ចូលរួម​ស្តារ​វិស័យ​ទេសចរណ៍​ខេត្តកោះកុង​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ប៉ាក់ សុខុម បានស្នើ​ដល់​ក្រុមហ៊ុន ខូ​សថ​ល ស៊ី​ធី ឌី​វេឡុ​ប​ម៉ិ​ន គ្រុប ឯ​.​ក នូវ​ចំណុច​សំខាន់ៗ​ចំនួន ២៖
​ទី​១៖ យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ធ្វើយ៉ាងណា​ឱ្យ​ទីនេះ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ និង​ផ្តល់​ការកម្សាន្ត​ប្រកបដោយ​ភាព​ពេញចិត្ត​ដល់​វិនិយោគិន ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ទាំងអស់​។​

​ទី​២៖ ជួយ​បណ្តុះបណ្តាល និង​ប្រើប្រាស់​បុគ្គលិក​ជនជាតិ​ខ្មែរ​ឱ្យបាន​ច្រើន ក៏ដូចជា​បង្កើន​សកម្ម​ភាព ពង្រីក​វិសាលភាព​រមណីយដ្ឋាន​ឱ្យ​កាន់តែច្រើន ដើម្បី​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវ​ជាតិ​មក​កម្សាន្ត​នៅទីនេះ​ឱ្យបាន​កាន់តែច្រើន​។​

​ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​រំពឹងទុក តារា​សាគរ​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បម្រើ និង​ធ្វើ​សមាហរណកម្ម​ទៅក្នុង​យុទ្ធសាស្ត្រ «​ខ្សែក្រវាត់ និង​ផ្លូវ​» ពង្រឹង​ឥទ្ធិពល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ភាព​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍ សេវាកម្ម​សាធារណៈ នវានុវត្តន៍ និង​ទំនាក់ទំនង​វប្បធម៌​នៅ​អាស៊ីអាគ្នេយ៍ ព្រមទាំង​កសាង​គម្រោង​នេះ​ឱ្យទៅជា​តំបន់​គំរូ​នាំមុខគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ដូច​នៅលើ​ពិភពលោក​ផងដែរ​។​

​គួរ​ជម្រាប​ថា គម្រោង​បុរី​ទេសចរណ៍ និង​វប្បធម៌​បឹង​តារា​ចន្ទ​នេះ មិន​ត្រឹមតែ​ជា​ផលិតផល​ល្អ​បំផុត​ក្នុង​ស៊េរី​គម្រោង​តារា​ច័ន្ទ​ក្នុង​តារា​សាគរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ផលិតផល​ទេសចរណ៍​ច្នៃប្រឌិត​ថ្មី​របស់​ខេត្តកោះកុង​ផងដែរ​។ តារា​សាគរ​ស្ថិតនៅ​ជិត​មាត់សមុទ្រ និង​បឹង​បៃតង ដែល​ពោរពេញ​ទៅដោយ​ប្រព័ន្ធ​ជីវចម្រុះ និង​ធម្មជាតិ ជា​តំបន់​អភិរក្ស​ព្រៃកោងកាង​ធំជាងគេ​ទី​២ នៅក្នុង​ពិភពលោក​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៤៧.៧៤ គីឡូម៉ែត្រ​ការ៉េ គួបផ្សំ​នឹង​ឆ្នេរ​ខ្សាច់​យ៉ា​សក្បុស​ចម្ងាយ ៩០ គីឡូម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close