គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប សម្លាប់៥៧នាក់ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ
ខេត្តសៀមរាប៖ លោក ហូ សម័យ ប្រធានស្ដីទីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន៥០ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៥៧នាក់ ភាគច្រើនគឺជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ស្រាល ចំនួន១៥៦នាក់ ថយចុះជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ករណីគ្រោះថ្នាក់មានមានចំនួន ៦៧ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៦១នាក់ និងរបួសធ្ងន់ស្រាល ចំនួន ១៧៣នាក់។
លោក ហូ សម័យ បានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើង ដោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ ហើយភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុកចំនួន ៣ចំនួន រួមមាន ៖ ស្រុកជីក្រែង , ស្រុកសូទ្រនិគម និងស្រុកពួក។
គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ្ទ បានប្រកាសថា ២០២០ ជាឆ្នាំត្រូវរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ខណៈរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ មានអ្នកស្លាប់ជិត ២ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។