ជិះម៉ូតូលឿន រ៉េចង្កូតចូលរថយន្ត ដួលស្លាប់នៅនឹងកន្លែង
ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង។ ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ម្សិលមិញ លើផ្លូវជាតិលេខ៤ ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ពណ៌ទឹកប្រាក់លាយក្រហម ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ1B-2862 ទិសដៅពីខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានរេចង្កូតបុកជាមួយរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-8650 ជាកម្មសិទ្ធរបស់ក្រុមហ៊ុន CHLL ទិសដៅផ្ទុយគ្នា បណ្តាលឲ្យភាគីខាងម៉ូតូដួលបោកទាំងម៉ូតូ និងមនុស្សស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះដែលស្លាប់នោះ ឈ្មោះ ជី វិន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ រីឯអ្នកបើកបររថយន្តឈ្មោះ ដាំ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះ១៣ ផ្លូវកៅស៊ូ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីនេះសមត្ថកិច្ច បានចុះពិនិត្យ និងនាំយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។