ខ្យល់ព្យុះ និង​ទឹកជំនន់ នៅ​ប្រទេស​វៀតណាម ស្លាប់ និង​បាត់​ខ្លួន ៣០​នាក់​

​វៀតណាម​៖ មនុស្ស​ស្លាប់​ចំនួន ១៧​នាក់ និង​បាត់​ខ្លួន ១៣​នាក់​ទៀត នៅក្នុង​គ្រោះធម្មជាតិ​ខ្យល់ព្យុះ និង​គ្រោះទឹកជំនន់​ដ៏​អាក្រក់ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នេះ​បើតាម​ប្រភពពី​ទូរទស្សន៍​រដ្ឋ​វៀតណាម VTV ចេញផ្សាយ​សារព័ត៌មាន​រ៉​យ​ទ័​រ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។​

​ទិន្នន័យបឋម​បានឱ្យដឹងថា ព្យុះភ្លៀង​ដែល​បាន​កើតមានឡើង​កាលពី​ចុង​សប្តាហ៍​មុននេះ បានធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​គ្មាន​អាហារ​បរិភោគ មនុស្ស​៣​ម៉ឺន​១​ពាន់​នាក់​ត្រូវបាន​ជម្លៀស និង​ផ្ទះសម្បែង​សរុប​៣​ម៉ឺន​៣​ពាន់​ខ្នង​រង​ការលិចលង់ ឬ​បំផ្លិចបំផ្លាញ​។ ជាមួយគ្នានេះ ក្រុម​ឆ្មាំ​សមុទ្រ​របស់​វៀតណាម​បាន​ព្យាយាម​ជួយសង្គ្រោះ​ពលរដ្ឋ​ចេញពី​កន្លែង​ដែល​ជាប់គាំង ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​មធ្យោបាយ​ផ្សេងទៀត​ដែល​អាចទៅរួច ជាពិសេស​នៅក្នុង​ខេត្ត​ក្វាង​ទ្រី ដែល​កំពុង​ទទួលរង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​។​

​បន្ថែម​លើ​នេះ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​ក៏ត្រូវ​បាន​អាជ្ញាធរ​ព្យាករណ៍​ដែរ​ថា នឹង​ទទួលរង​ការវាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង លីន​ហ្វា ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ខ្យល់​បោកបក់​ខ្លាំង និង​គ្រោះទឹកជំនន់​។ ហើយ​ក្រៅពី​វៀតណាម ឡាវ និង​កម្ពុជា​ក៏​សុទ្ធតែ​កំពុង​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ទី​ហ្វុ​ង លីន​ហ្វា នេះ​ដូចគ្នា​ដែរ ខណៈ​អាជ្ញាធរ​ប្រទេស​នីមួយៗ​កំពុង​បង្កើន​ការប្រកាសអាសន្ន និង​ជួយសង្គ្រោះ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close