រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជំនួយហិរញ្ញវត្ថុពីសហភាពអ៊ឺរ៉ុប ក្នុងគោលបំណងកែប្រែប្រួលអាកាសធាតុ និងបរិយាបន្នន័យនៃវិស័យវារីវប្បកម្ម
ភ្នំពេញ៖ កម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវបានទទួលជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ សម្រាប់រយៈពេល ០៦ឆ្នាំ។ កម្មវិធីនេះ មានគោលបំណងចំបងគាំទ្រនូវឆន្ទ:សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្មដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យជលផល។
យោងលើកម្មវិធីដ៏មានសារ សំខាន់មួយនេះ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីខាងលើនៅតាមចំណុចគោលដៅនៃកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម៖
អញ្ជើញចុះមកពិនិត្យសិប្បកម្មកែច្នៃផល និងផលិតផលជលផល របស់លោក សំណាង សុធា (លេខទំនាក់ទំនង ០៩២ ៤២២ ៤០៤) ភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។
លោក សុធា បានឲ្យដឹងថាសិប្បកម្មនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ជាលក្ខណគ្រួសារ ជាបណ្តើរៗដោយទទួលបានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលទាំងបច្ចេកទេសកែច្នៃ គោលការណ៍ណែនាំស្តីអំពីការអនុវត្តអនាម័យល្អ(Good Hygiene Practices) ការអនុវត្តផលិតកម្មល្អ (Good Manufacturing Practices) និងគោលការណ៍ HACCP (Hazard Analysis Critical Control Point) និងជាពិសេសតម្រូវការទីផ្សារខ្ពស់។
បច្ចុប្បន្ន លោកសុធា មានផលិតត្រីងៀតត្រីរ៉ស់ ត្រីឆ្តោ និងត្រីអណ្តែង ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រី ផាត់ ដោយប្រើប្រាស់ផល និងផលិតផលជលផលក្នុងស្រុកទាំងស្រុង ជាមធ្យមពី ៩០- ១០០តោន/ឆ្នាំ (ត្រីចំរុះគ្រប់ប្រភេទ) ផលត្រីទាំងនោះភាគច្រើនទទួលទិញពីកសិដ្ឋានចិញ្ចឹម និងប្រជានេសាទនៅមូលដ្ឋាននេះផ្ទាល់។
ផលិតផលកែច្នៃទាំងអស់យកទៅផ្គត់ផ្គង់ឲ្យទីផ្សារ ក្នុងខេត្តសៀមរាបទាំងមូលប្រមាណ ៥០% រាជធានីភ្នំពេញ ៣០% និងខេត្តឧត្តរមានជ័យ ២០%។ ចំណូលដែលបានមកពីសិប្បកម្មនេះជាមធ្យមជាង ៥០ ០០០ដុល្លារ ហើយលោកគ្រោងនឹងបង្កើនបរិមាណផលិត ១០% រៀងរាល់ឆ្នាំ។ ក្រោយពីបានអញ្ជើញពិនិត្យឃើញទិដ្ឋភាពជារួមរបស់សិប្បកម្មកែច្នៃ និងសកម្មភាពជាក់ស្តែង រួចមកឯកឧត្ដមរដ្ឋមន្ត្រី និងលោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែង ជំនះបាននូវរាល់ឧបសគ្គគ្រប់បែបយ៉ាងឈានមកសម្រេចបានជោគជ័យដូចអ្វីដែលយើងបានឃើញនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោកសុធា ត្រូវបន្តរក្សាមុខរបរនេះ និងគួរពង្រីកផលិតកម្មបន្ថែមដើម្បីបំពេញឲ្យតម្រូវការទីផ្សារក្នុងខេត្ត។ មួយវិញទៀត សិប្បកម្មកែច្នៃផល និងផលិតផលជល ផល នេះគឺជាសិប្បកម្មមានលក្ខណជាតំបន់ (ប្រហុកសៀមរាប) ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ។
ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មកែច្នៃ ជាពិសេសផលិតកម្មចិញ្ចឹមដើម្បីធ្វើការផ្គត់ផ្គង់ឲ្យសិប្បកម្ម ហើយគួរជួយរៀបចំ QR Code ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម អនាម័យ និងប្រភព ដែលផ្គល់ជំនឿទុកចិត្តសម្រាប់អ្នកបរិភោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។