អាជីវករ សម្តែងការរីករាយនឹងកន្លែងលក់ដូរថ្មី នៅទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត
ខេត្តសៀមរាប៖ បន្ទាប់ពីបើកឱ្យដំណើរការលក់ដូរនៅទីតាំងថ្មីនៅក្នុងទីលានបដិសណ្ឋារកិច្ចនៃប្រាសាទអង្គរវត្ត តាំងពីដើមខែកញ្ញា ឆ្នាំ២០២០មក អាជីវករលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងភេសជ្ជៈ បានសម្តែងការរីករាយដែលបានចូលមកកាន់ទីតាំងថ្មី ដែលមានបរិស្ថានល្អ កន្លែងលក់ដូរស្អាត និងមានអនាម័យជាងមុន។
អ្នកស្រី ស៊ត់ អាជីវករលក់ម្ហូបអាហារ បានចាប់ផ្តើមលក់នាពាក់កណ្តាលខែកញ្ញា បានលើកឡើងចំពោះ ទីតាំងថ្មីថា នៅទីនេះមានភាពងាយស្រួលជាងមុន ទាំងការលក់ដូរ មានទឹក មានភ្លើង កន្លែងស្អាត មានអនាម័យ ទុកដាក់សម្ភារមានវត្ថិភាព និងមិនបាច់ចំណាយកម្លាំងហត់នឿយក្នុងការរៀបចំកន្លែង។ អ្នកស្រី បានថ្លែងអរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំពីកន្លែងមិនស្អាត មកកន្លែងដែលមានអនាម័យ បរិស្ថានល្អ។ អ្នកស្រីសង្ឃឹមថា ពេលចប់ជំងឺកូវីដ១៩ នឹងមានភ្ញៀវមកលេងច្រើននិងការលក់ដូរបានដាច់ស្រួល។
ជាអាជីវករលក់ដូរសម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ជិត២០ឆ្នាំមកហើយ អ្នកស្រី គីម សុខរីន បានមកលក់កន្លែងថ្មីនៅអំឡុងខែកញ្ញាដែរ បានឱ្យដឹងថា តូបថ្មីតូចជាងមុនបន្តិចមែន តែគ្មានដីហុយ មិនធ្វើឱ្យប្រឡាក់សម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ដូចកន្លែងចាស់ ងាយស្រួលក្នុងការលក់ដូរ មានអនាម័យ ការទុកដាក់អីវ៉ាន់ក៏ស្រួល មានសុវត្ថិភាព មានសន្តិសុខ ទឹកភ្លើង។ អ្នកស្រីពេញចិត្តណាស់ចំពោះទីតាំងថ្មី និងអរគុណដល់អាជ្ញាធរជាតិអប្សរាដែលរៀបចំកន្លែងលក់ដូរស្អាត បរិស្ថានល្អ និងការកែលម្អផ្សេងៗនៅអង្គរវត្តយ៉ាងស្រស់បំព្រង។
ចាប់អាជីពជាអ្នកលក់គុយទាវជាង២០ឆ្នាំមកហើយនៅមុខបរិវេណប្រាសាទអង្គរវត្ត អ្នកស្រី ចា ក៏សប្បាយរីករាយដែលបានមកកាន់ទីតាំងថ្មី ជាកន្លែងស្អាត រៀបចំបានល្អ មានសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាងកន្លែងចាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។