៩​ខែ ឆ្នាំនេះ​! ពន្ធដារ ប្រមូល​ចំណូល​ពន្ធ​បាន ២ ២២៥​លាន​ដុល្លារ កើនឡើង​ជិត​៤%

​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ប្រមូល​ចំណូល​សម្រាប់​ថវិកាជាតិ​បាន​ចំនួន ៩ ០១៥.០៨ ប៊ី​លាន​រៀល (​ប្រមាណ ២ ២២៥.៩៥ លាន​ដុល្លារ​អាមេរិក​) កើនឡើង​៣.៧១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩​។

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់ថា ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានបង្ហាញ​នូវ​សញ្ញា និង​ផលប៉ះពាល់​ជា​អវិជ្ជមាន មកលើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ និង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​៣​នេះ​។​

​លោក​បាន​រំលឹក​ដល់​ប្រធាន​អង្គភាព ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ពង្រឹង​កិច្ចសហការ​រវាង​អង្គភាព​-​អង្គភាព ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អន្តរក្រសួង​-​ស្ថាប័ន និង​ដែល បានដាក់​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុងន័យ​បង្កើន ប្រសិទ្ធភាព និង​តម្លាភាព ដល់​ការប្រមូល​ពន្ធ ព្រមទាំង​បាន ក្រើនរម្លឹក​និង​លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​ថា ទោះបី​ជាមាន ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ដែល ជះឥទ្ធិពល​ពី​ជំងឺ​កូ​វីដ​-១៩ អគ្គនាយកដ្ឋាន​ពន្ធដា​រ ត្រូវ​បន្ត​ពង្រឹង ផែនការ​សកម្មភាព​បន្ថែម និង​បន្ត​ពង្រឹង​វិធានការ​អន្តរាគមន៍ បន្ទាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍​, វិស័យ អាកាសចរ​, វិស័យ​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ​, និង​វិស័យ​កា​ម្មន្ត សាល​ទូទៅ និង​វិធានការ អន្តរាគ​មនា៍​នានា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close