អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ចុះ​ហាមឃាត់​ក្រុម​ឈ្មួញ ដែល​ចាក់ដី​ចូល​អូរ​​ធ្វើជា​កម្មសិទ្ធិឯកជន​

​ខេត្តកោះកុង​៖ កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ មន្ត្រី​ជំនាញ និង អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​ក្រុម​ឈ្មួញ​ដែល​កំពុង​ចាក់ដី​ចូលទៅក្នុង​ចំណី​អូរ​មួយកន្លែង​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ បំណង​យក​ធ្វើជា​កម្មសិទ្ធិឯកជន ត្រង់ចំណុច​ស្ពាន​អូរ​ព្រែក​ជ័រ ស្ថិតក្នុង​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ។​

​បើតាម​ការបញ្ជាក់​ពី​លោក ញ៉ែម យី ចៅសង្កាត់រង​ស្មាច់មានជ័យ បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពី​លោក​អភិបាលក្រុង អាជ្ញាធរ រួមទាំង​មន្ត្រី​ជំនាញ បាន​ចុះមក​ធ្វើការ​ពិនិត្យ​ជាក់ស្តែង និង​សម្រេច​អោយ​ឈ្មួញ​ដែល​កំពុង​ចាក់ដី​ចូលក្នុង​ចំណី​អូរ​ខាងលើ ប​ញ្ឍ​ប់​សកម្ភាព​ចាក់ដី​ជា​បណ្តោះអាសន្ន ដោយ​តម្រូវអោយ​ភាគី​ម្ចាស់​ដី​យក​ឯកសារ​ពាក់ព័ន្ធ​ទៅកាន់​សាលាក្រុង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ដោះស្រាយ បើសិនជា​ភាគី​ម្ចាស់​ដី​នៅតែ​បន្ត​ចាក់ដី នៃ​អាជ្ញាធរ​និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន ។​

​ដោយឡែក​បើ​យោងទៅតាម​របាយការណ៍​ជាក់ស្តែង​ដែល​ក្រុមមន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់​នោះបាន​អោយដឹងថា ការចាក់ដី​ខាងលើ គឺ​ពិតជា​បាន​ចាក់​បំពាន​ចូលទៅក្នុង​អូរ​ជា​មធ្យម​ប្រមាណ​ជា​៦ ទៅ ៧​ម៉ែត្រ ។​

​បើ​យោងតាម​ការបញ្ជាក់​ពី​ពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​ខាងលើ បានអោយដឹង​ដែរ​ថា ដី​ដែល​ក្រុម​ឈ្មួញ​កំពុង​ចាក់​នេះ ពី​ដើមឡើយ​គឺ​ពុំមាន​បុគ្គល​ណា​ម្នាក់​ជា​ម្ចាស់​នោះឡើយ (​ដី​សាធារណៈ​របស់​រដ្ឋ​) ព្រោះ​អូរ​ខាងលើនេះ​មាន​សារៈសំខាន់​សំរាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ខ្លាំងណាស់ ដោយ​រដូវប្រាំង​ពួកគាត់​អាច​យក​ទឹកអូរ​នេះ​ទៅប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​បានជា​ច្រើន ដោយឡែក​សំរាប់​រដូវវស្សា​វិញ អូរ​មាន​តួរ​នាទី​រំដោះ​នូវ​ជំនន់​ទឹកភ្លៀង និង​ជា​កន្លែង​រមណី​ដ្ឋា​ន​ដ៏​ស្រស់ស្អាត​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ថែម​ទៀតផង ។​

​ប្រភព​ដដែល​បន្តថា អូរ​នេះ​ពី​ដើមឡើយ​មាន តូប​លក់ដូរ​របស់​ព​ល​រដ្ឋ​មួយ​គ្រួសារ​រស់នៅ តែ​ក្រោយមក​នា​រដូវវស្សា​ត្រូវបាន​ទឹក​កួច​យក​តូប​នោះ​ទៅ​បាត់ ហើយក៏​លែងមាន​អ្នកណា​មក​សាងសង់​តូប​នៅក្បែរ​មាត់​អូរ​នេះ​ទៀត​ទេ តែ​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​ក៏មាន​ក្រុម​ឈ្មួញ​មក​ចាក់ដី​បំរុង​លុប​យក​ធ្វើជា​កម្មសិទ្ធិ​ទៅវិញ រឿងរ៉ាវ​នេះ​បានធ្វើអោយ​ពួកគាត់​ដាក់​ការសង្ស័យថា​អាច​បណ្តាលមកពី​មានការ​ឃុបឃិត​បើកភ្លើង​ខៀវ ពី​ស្ថាប័ន​ពាក់ព័ន្ធ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close