ជីវភាពក្រពេក! យកដំឡូងមីស្ងោរហូប ពុលមួយគ្រួសារ ស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់ នៅស្រុកសំពៅលូន
ខេត្តបាត់ដំបង៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីហូបដំឡូងមី។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ រំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ស្ត្រីជាម្តាយឈ្មោះ រិក ណៃ និយាយថា ដោយសារជីវភាពខ្វះខាត គាត់និងកូនតូចៗ៥នាក់ទៀត បានយកដំឡូងមីមកស្ងោរ និងហូបជាមួយគ្នា លុះមួយសន្ទុះក្រោយ គាត់មានអារម្មណ៍ប្លែកនៅក្នុងខ្លួន ប៉ុន្តែមិនចាប់អារម្មណ៍ ហើយក៏នាំកូនៗទាំងអស់ចូលសម្រាក។ លុះរហូតដល់វេលាម៉ោង៣ ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា គាត់មានអារម្មណ៍ស្រៀវទឹកមាត់ និងរោយថ្គាមតិចតួច ចំណែកកូនរបស់គាត់ចំនួន ៥នាក់ទៀត ក៏បានចាប់ផ្តើមមានអាការៈក្អួតចង្អោរខ្លាំងទៅៗ រហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យ តែក្នុងចំណោមកូនគាត់ម្នាក់ បានពុលរហូតដល់ស្លាប់ ដោយសារកម្លាំងខ្សោយ និងទំនងហូបដំឡូងស្ងោរច្រើនជាងគេ។
ក្មេងជនរងគ្រោះខាងលើ ទី១-ឈ្មោះ សោម ភេទប្រុស អាយុ២៣ឆ្នាំ (ពុលស្រាល), ទី២.ឈ្មោះ ចាន់នី ភេទប្រុស អាយុ១៤ឆ្នាំ (ពុលស្រាល), ទី៣.ឈ្មោះ ទីណា ភេទស្រី អាយុ១១ឆ្នាំ (ពុលស្រាល), ទី៤.ឈ្មោះ ឆាំ ភីម ភេទស្រី អាយុ៧ឆ្នាំ (ពុលធ្ងន់ធ្ងរ) និងទី៥.ឈ្មោះ ឆាំ ណាន ភេទប្រុស អាយុ៤ឆ្នាំ (ស្លាប់)។
ករណីនេះ អ្នកស្រី រិក ណៃ ត្រូវជាម្តាយក្មេងប្រុសរងគ្រោះ ក៏បានអំពាវនាវទៅដល់អាជ្ញាធរ និងសប្បុរសជននានា ចុះជួយដល់គ្រួសាររបស់គាត់ផង ព្រោះបច្ចប្បន្នស្ថានភាពក្នុងគ្រួសារកំពុងតែជួបនូវសភាពទីទាល់ក្រខ្លាំងណាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។