វិធីសាស្ត្រជួយឲ្យអ្នករៀនចេះ ដោយងាយស្រួលជាងមុន
មនុសុ្សយើងធ្វើអ្វីមួយមិនគួរប្រើតែកម្លាំងបាយនោះទេ តែគួរប្រើកម្លាំងប្រាជ្ញាឲ្យបានច្រើនជាង។ ការសិក្សាក៏ដូចគ្នា ប្រសិនបើអ្នកគិតតែពីប្រឹងរៀនដោយមិនដឹងពីរបៀប ឬគន្លឹះក្នុងការរៀនឲ្យឆាប់ចេះ អ្នកនឹងត្រូវចំណាយពេលយូរ ព្រមទាំងមិនអាចទទួលបានលទ្ធផលល្អទៀតផង។
ទាំងនេះជាវិធីសាស្ត្រជួយឲ្យអ្នកក្លាយជាសិស្សរៀនពូកែ មិនមែនសិស្សពូកែរៀននោះទេ៖
១. កត់ត្រា
អ្នកគួរកត់ត្រាចំណុចសំខាន់ៗដែលគ្រូបានពន្យល់នៅក្នុងថ្នាក់រៀន។ ការធ្វើបែបនេះជួយអ្នកបានយ៉ាងច្រើន ជាពិសេសនៅពេលប្រលង អ្នកមិនចាំបាច់មើលគ្រប់ចំណុចក្នុងមេរៀនឡើងវិញទេ។
២. ប្រើហ្វឺត(ហាយ ឡាយ)
នៅពេលគ្រូប្រាប់ពីចំណុចដែលត្រូវចងចាំ យើងត្រូវហាយ ឡាយភ្លាម ព្រោះវាពិតជាជួយអ្នកបានយ៉ាងមានប្រសិទ្ធភាពក្នុងការរំលឹកមេរៀនឲ្យបានលឿន។ លើសពីនេះទៅទៀត វាជួយមិនឲ្យយើងឆាប់ងងុយគេងទៀតផងនៅពេលមើលមេរៀននាពេលយប់ ព្រោះវាមានពណ៍ទាក់ទាញភ្នែករបស់យើង។
៣. ព្យាយាមនៅជិតអ្នកដែលពូកែ
នៅពេលដែលយើងបាននៅជិតសិស្សដែលពូកែជារៀងរាល់ថ្ងៃ យើងក៏មើលឃើញពីរបៀបនៃការរៀនរបស់គេ ហើយអាចសួរគេបាននៅពេលដែលយើងមានចម្ងល់ចំពោះមេរៀនណាមួយ។
៤. រៀនជាក្រុម
នៅពេលយើងរៀនតែម្នាក់ឯង យើងមិនដឹងទៅសួរអ្នកណាទេនៅពេលយើងមានចម្ងល់ ដោះស្រាយមិនចេញ តែបើយើងរៀនជាក្រុម គ្នាច្រើន មានគំនិតច្រើន អាចដោះស្រាយលំហាត់ ឬចម្ងល់ណាបានឆាប់រហ័ស។ ម្យ៉ាងវិញទៀតប្រសិនបើយើងចែកគ្នាធ្វើលំហាត់ ហើយមកពន្យល់គ្នា វាចំណេញពេលបានច្រើនណាស់ យើងមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើននោះទេដើម្បីចេះអ្វីមួយ។
៥. ដឹងពេលវេលាត្រូវរៀន
ដើម្បីរៀនឲ្យមានប្រសិទ្ធភាព យើងត្រូវដឹងពីពេលវេលាណាដែលរៀនទៅឆាប់ទទួលយកបាន។ ពេលព្រឹកយើងគួរទន្ទេញមេរៀន ព្រោះខួរក្បាលយើងស្រឡះ ធ្វើឲ្យយើងឆាប់ចាំ ចំណែកលំហាត់គួរធ្វើវានាពេលយប់ទើបជាការល្អ។
៦. រៀនប្រកបដោយភាពសប្បាយរីករាយ
ពេលខ្លះ ឧទាហរណ៍ ចំពោះរូបមន្តណាដែលលំបាកខ្លាំង យើងមិនគួរស្ត្រេសពេកទេ យើងគួរស្វែងរកអ្វីមួយដែលមាលក្ខណៈកំប្លែងមកតំណាងឲ្យរូបមន្តនោះ។ ការធ្វើបែបនេះជួយឲ្យអ្នកឆាប់ចាំ និងមានភាពសប្បាយរីករាយក្នុងការសិក្សាទៀតផង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។