ឯកឧត្តម ហ៊ុន ម៉ា​នី នាំយក​ស្បៀង​ជូន​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង

​ខេត្តកំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ទំនប់​ចាន់​ថ្នាល ដែល​ស្ថិតនៅក្នុង​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ អមដំណើរ​ដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ​ទាំងបី និង សស​យក​ខេត្ត​។​

​នា​ក្នុងឱកាស​សំណេះសំណាល​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​ដែល​ទទួលរង​ផលប៉ះពាល់​តិចតួច​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​វាយបំផ្លាញ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​មួយចំនួន ។ ឯកឧត្តម ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​នេះ​ត្រូវតែ​បង្កើន​ការ​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ​លើ​ទំនប់​បង្ហៀរទឹក​នេះ ជាពិសេស​មនុស្ស​ចាស់ជរា និង​ក្មេងៗ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ប្រចាំ​ការជួយ​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សង្គ្រោះ ២៤​ម៉ោង​លើ ២៤​ម៉ោង​ក្នុងករណី​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ ។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​ស្ថានភាព​ទំនប់ទឹក​ចាន់​ថ្នាល​រួចមក​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក៏បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត និង​ចូលរួម​ពិភាក្សា​ការងារ​អំពី​បញ្ហា​ប្រព័ន្ធធារាសាស្ត្រ​ជាមួយនឹង​រដ្ឋបាលខេត្ត និង​ស្ដាប់​ពីបទ​បង្ហាញ​របស់លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រក​វិធីសាស្ត្រ​កាត់បន្ថយ​បញ្ហា​ប្រឈម​មួយ​នេះ ឲ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​។​

​ជាមួយគ្នានេះដែរ​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ក៏បាន​នាំយក​នូវ​ទឹក​សុទ្ធ ៨០០ កេស​-​ទឹកក្រូច ១០០ កេស -​មី ៣០០​កេស -​ត្រីខ ៣០០ យូរ -​ថ្នាំពេទ្យ (multi vitamin 10 កេស និង Para ចំនួន 10 កេស​) -​សាប៊ូ ២០០ កេស ប្រគល់ជូន​រដ្ឋបាលខេត្ត​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នា​រដូវ​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​នៅតាម​ក្រុង ស្រុក​នានា​របស់​ខេត្តកំពង់ស្ពឺ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close