រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧
ខេត្តសៀមរាប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមដំណើរការអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ ៦ ចាប់ពីរង្វង់មូល ព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខេត្តសៀមរាប ក្រោមជំនួយឥណទានរបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) នាពេលខាងមុខនេះ។
ដូចនេះ ដើម្បីឱ្យគម្រោងស្ថាបនា និង ស្តារផ្លូវជាតិលេខ ៦ ខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និង សម្រេចបានស្របតាមផែនការដែលបានគ្រោងទុក សូម សាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំង អាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទ ជ័យវរ្ម័នទី៧ ចូលរួមសហការរុះរើសំណង់ និងសំណង់ការផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវជាតិលេខ៦ ឱ្យបានរួសរាន់មុនការបើកការដ្ឋាន។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំងអាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ នឹងចូលរួមអនុវត្តដោយធ្វើការរុះរើសំណង់របស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។