កិច្ចព្រមព្រៀងឈប់បាញ់ ក្រោមការដឹកនាំរបស់រុស្ស៊ី តែប្រទេស អាមេនី និង អាហ្សែបៃហ្សង់ នៅតែផ្ទុះអាវុធដាក់គ្នា
ទោះមានកិច្ចព្រមព្រៀងឈប់បាញ់រវាង អាមេនីនិង អាហ្សែបៃហ្សង់ ក្រោមការដឹកនាំរបស់ប្រទេសរុស្ស៊ី ប៉ុន្តែ ភាគីទាំងពីរ នៅតែបន្ត វាយប្រហារគ្នាដដែល ។ តាមសារព័ត៌មាន Reuters នៅថ្ងៃទី១៤ខែតុលាបានផ្សាយថា ប្រទេសរុស្ស៊ី នៅថ្ងៃ១៤ខែមេសាបានអំពាវនាវជាថ្មីដល់ប្រទេសអាមេនី និងអាហ្សែបៃហ្សង់ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងតំបន់(Nagorno-Karabakh) ជាបន្ទាន់ បន្ទាប់ពីភាគីជម្លោះទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបទឈប់បាញ់ ដែលចាប់ផ្ដើមអនុវត្តកាលពីចុងសប្ដាហ៍កន្លងទៅ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ សយហ្គូ (Sergei Shoigu) បានអំពាវនាវតាមរយៈទូរស័ព្ទដៃ ទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្សែបៃហ្សង់ និងអាមេនី ដោយ ជំរុញឱ្យប្រទេសទាំងពីរ «បំពេញនូវការប្តេជ្ញាចិត្ត» ដែលបានធ្វើឡើងក្រោមបទឈប់បាញ់រួមគ្នា ដើម្បីមនុស្សធម៌នៅក្នុងតំបន់ Nagorno-Karabakh ដែលផ្ដើមអនុវត្តឡើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោយពីមានការចរចារគ្នា រយៈពេលខ្លីក្នុងទីក្រុងម៉ូស្គូ។
ភាគីជម្លោះទាំងពីរ បានបដិសេធរៀងៗខ្លួន នូវការចោទប្រកាន់ពីការរំលោភបទឈប់បាញ់ ខណៈប្រធានាធិបតីអាហ្សែបៃហ្សង់លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បាននិយាយម្ដងហើយម្ដងទៀតថា កងទ័ពអាហ្សែបៃហ្សង់ កំពុងតែបន្តប្រតិបត្តិការយោធា ក្នុងតំបន់ Nagorno-Karabakh។ ក្រសួងការពារជាតិ ប្រចាំតំបន់ Nagorno-Karabakh បានចោទប្រកាន់កងទ័ពអាហ្សែបៃហ្សង់ថា បានបើកការវាយប្រហារដោយប្រើកាំភ្លើងធំ និងរ៉ុក្កែតលើតំបន់ជាច្រើន ហើយក្រុមមន្រី្តការពារជាតិ នៅក្នុងតំបន់នេះ ថែមទាំងអះអាងថាដែរថា កងកម្លាំងរបស់ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំងអាហ្សែបៃហ្សង់ Su-25 មួយគ្រឿងផងដែរ។
ប៉ុន្តែ ភាគីអាហ្សែបៃហ្សង់បានបដិសេធ ចំពោះការអះអាងនេះ ហើយបានចោទប្រកាន់កងកម្លាំងអាមេនី ទៅវិញដែរថា បានបើកការវាយប្រហារជាថ្មីទៅលើទីតាំងកងកម្លាំង របស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ និងនៅតាមតំបន់ Terter, Aghdam និង Aghjabedi នៃប្រទេសអាហ្សែបៃហ្សង់។ ការិយាល័យរដ្ឋអាជ្ញា អាហ្សែបៃហ្សង់ បានរាយការណ៍ពីការស្លាប់ថ្មីរបស់ជនស៊ីវិលម្នាក់ និងរងរបួសជាច្រើននាក់ រួមទាំងអ្នកកាសែតរបស់ពួកគេផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។