កម្ពុជា កំពុងបង្កើតផែនទីចង្អុលផ្លូវ ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ២០២០-២០២៥
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានផ្ដួចផ្ដើមបង្កើតសេចក្ដីព្រាង ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងដំណាក់កាល វិបត្តិជំងឺកូវីដ-១៩ និងដំណាក់ក្រោយវិបត្តិ ដែលមានរយៈពេល៥ឆ្នាំ (២០២០-២០២៥)។
ដើម្បីសម្រេចបាន ផែនដីចង្អុលផ្លូវ ខាងលើ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ បានជួបប្រជុំពិគ្រោះពិភាក្សា ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ មុននឹងដាក់ឆ្លង គណៈកម្មការជាតិ អភិវឌ្ឍន៍ទេសចរណ៍ នាពេលខាងមុខ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ទេសចរណ៍ ហើយនឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនាពេលខាងមុខនេះផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ឱ្យដឹងថា សៀវភៅផែនទី ចង្អុលផ្លូវនេះមាន ៣ ដំណាក់កាល៖
* ដំណាក់កាល់ទី១ ជាការគ្រប់គ្រង វិបត្តិក្នុងដំណាក់កាល ប្រក្រតីកម្មថ្មី (New Normal) និងរៀបចំ ផែនការ សម្រាប់ការស្តារឡើងវិញ
* ដំណាក់កាលទី២ ជាការស្តារឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩
* ដំណាក់កាលទី៣ ជាការរៀបចំ ឆ្ពោះទៅកាន់អនាគតថ្មី នៃវិស័យទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើទៅកាន់ អង្គប្រជុំ ដែលមានការចូលរួមពី ផ្នែកសាធារណៈ និងផ្នែកឯកជន ឱ្យចូលរួម អនុវត្តការងារ មួយចំនួន រួមមាន៖
ទី១៖ បន្តជំរុញវិធានការ គាំទ្រផ្នែកសេដ្ឋកិច្ច និងការងារ ពិសេសជំរុញការ ផ្តល់ជាកញ្ចប់ ថវិកា ឬមូលនិធិ របស់រាជរដ្ឋាភិបាល ជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុង វិស័យទេសចរណ៍ និងសហគ្រិនវ័យក្មេង ក្នុងវិស័យទេសចរណ៍ ដែលមានគំនិតច្នៃប្រឌិត ព្រមជាមួយនឹង ការពង្រីកការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ បន្ថែម និងរក្សាការងារឱ្យ បានអតិបរមា។
ទី២៖ បន្តអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១ និងដាក់ចេញជំហាន បន្តបន្ទាប់ទៀតប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
ទី៣៖ ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានច្រើន ដើម្បីបង្កើនភាព ជឿទុកចិត្ត និងភាពជឿជាក់ តាមរយៈការផ្សព្វផ្សាយ តាមថ្នាលឌីជីថលផ្សេងៗគ្នា ទៅតាមទីផ្សារ អាទិភាពនីមួយៗ (ក្រៅពីការផ្សព្វផ្សាយបច្ចុប្បន្ន) ពិសេសផ្សព្វផ្សាយប្រកបដោយគុណភាព និងជំនាញទៅតាមគោលដៅអាទិភាព និងពង្រឹងតួនាទីរបស់មណ្ឌលព័ត៌មានទេសចរណ៍ និងមន្ទីរទេសចរណ៍តាមរាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែច្រើន។
ទី៤៖ ជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្កើត កញ្ចប់ទស្សនកិច្ចថ្មីៗ ដែលមានភាព ទាក់ទាញ និងកំណត់តម្លៃសមរម្យ។
ទី៥៖ ពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ តាមតំបន់អាទិភាពនានា រួមមានរាជធានីភ្នំពេញ និងតំបន់ជុំវិញ ខេត្តសៀមរាប និងតំបន់ជុំវិញ តំបន់ឆ្នេរសមុទ្រ និងតំបន់ជុំវិញ តំបន់ឦសាន និងតំបន់ជុំវិញ ស្របតាមទស្សនទាន «ស្អាត និងបៃតង»។
ទី៦៖ រៀបចំបង្កើត និងអនុវត្តយន្តការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន និងអាស៊ានបូកបី តាមរយៈការរៀបចំ Green Travel Bubble ការរៀបចំការធ្វើដំណើរទេសចរណ៍ដោយខ្លួនឯង និងការបង្កើតឱ្យមានទិដ្ឋាការពិសេស សម្រាប់ការធ្វើដំណើររយៈពេលយូរជាដើម។
ទី៧៖ រៀបចំយន្តការដឹកនាំ និងអនុវត្តដែលមានសមត្ថកិច្ចពេញលេញ និងសិទ្ធិសម្រេចក្នុងការអនុវត្តសកម្មភាពយុទ្ធសាស្ត្រនៃផែនទីចង្អុលផ្លូវប្រកបដោយប្រសិទ្ធភាព។
អង្គប្រជុំ ឯកភាពថាការរៀបចំ ផែនទីចង្អុលផ្លូវនេះ នឹងក្លាយជាយន្តការ ដ៏មានសារៈសំខាន់ ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹង ស្ថានភាព នាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ដែលជាផ្នែកមួយសំខាន់ នៃចក្ខុវិស័យកម្ពុជា នឹងត្រូវសម្រេចឱ្យបាន ខណៈវិស័យឯកជន ក៏បានបង្ហាញការគាំទ្រ ភាគច្រើនជាមួយ ផែនការសកម្មភាព ដែលក្រសួងទេសចរណ៍ បានលើកឡើងក្នុងសេចក្តីព្រាង ផែនទីចង្អុលផ្លូវរួចហើយ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏កំពុងតែគិតលើការត្រៀម ទទួលទេសចរបរទេស តាមរយៈការរៀបចំ កញ្ចប់ទស្សនកិច្ច Green Travel Bubble ខណៈបច្ចុប្បន្នកម្ពុជា កំពុងពិភាក្សា ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ថៃ និងប្រទេសវៀតណាម។ ក្រៅពីនេះ ក៏មានការបណ្ដុះបណ្ដាល ធនធានមនុស្សក្នុងវិស័យទេសចរណ៍ បន្ថែមផងដែរ ដូចជា ការបង្រៀនតាមប្រព័ន្ធ អនឡាញជាជំហានៗជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។